(កំពង់ស្ពឺ)៖ ដើម្បីជាការចូលរួមចំណែកបំពេញសេចក្តីត្រូវការចាំបាច់ ជាពិសេសលើកទឹកចិត្ត និងក្នុងន័យរួមសុខរួមទុក្ខជាមួយក្មួយៗកុមារកំព្រា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យការរស់នៅរបស់ក្មួយៗនៅតាមមណ្ឌលថែទាំកុមារកំព្រាឃុំត្រែងត្រយឹង មណ្ឌលកុមារកំព្រាភូមិខែ ស្ថិតក្នុងស្រុកភ្នំស្រួច។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានលើកឡើងថា សេចក្តីត្រូវការចាំបាច់ពេលនេះក្មួយៗ ដែលជាកុមារកំព្រាទាំងអស់ គឺត្រូវការចាំបាច់បំផុតនូវម្ហូបអាហារូបត្ថម្ភ និងសម្ភារសិក្សារៀនសូត្រ ជាពិសេសមើលថែដោយភាពកក់ក្តៅ ពីអ្នកគ្រប់គ្រងដែលជាប្រធានមណ្ឌលដោយផ្ទាល់ ទាំងនេះក្មួយៗ មានតម្រូវការនៅការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជន។ ដោយមើលឃើញកត្តាចាំបាច់ជាក់ស្តែង រដ្ឋបាលខេត្តកំពង់ស្ពឺ តែងតែចុះពិនិត្យការរស់នៅ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់កុមារកំព្រាទាំងអស់ជាបន្តបន្ទាប់ ក្នុងនោះក៏មានសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកចូលរួមឧបត្ថម្ភផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ទន្ទឹមនិងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ក៏ដូចជាសប្បុរសជននានាលើការហូបចុក ក្មួយៗ ក៏ត្រូវទទួលបានសិទ្ធិក្នុងការរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងផងដែរ ដូច្នេះសូមប្រធានមណ្ឌល នៃមណ្ឌលនីមួយៗត្រូវជំរុញឱ្យពួកគេបានចូលរៀន និងរៀនរហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យដែរ។

អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តទៅដល់មេដោះទាំងឡាយ ដែលជាអ្នកមើលថែដោយផ្ទាល់ត្រូវថែទាំក្មេងៗទាំងអស់នេះឱ្យបានល្អផង ក្នុងនោះ ត្រូវផ្តល់នូវរបបម្ហូបអាហារឱ្យបានគ្រប់គ្រាន់ និងសំលៀកបំពាក់ ជាងនេះគឺរស់នៅប្រកបដោយអនាម័យ។ ជាងនេះក្មួយៗត្រូវចេះគោរពវិន័យ ស្តាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យយើង ត្រូវចេះគោរពស្រឡាញ់និងជួយគ្នាក្នុងនាមជាបងប្អូនបង្កើត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គណគ្រប់គ្រងមណ្ឌលទាំង២ បច្ចុប្បន្នមានកុមារកំព្រាកំពុងរស់នៅជាង១០០នាក់។

ក្នុងឱកាសចុះពិនិត្យនោះ អភិបាលខេត្តកំពង់ស្ពឺ បានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសំភារប្រើប្រាស់មួយចំនួន ក្នុងនោះក៏បានផ្តល់នូវថវិកាដល់មណ្ឌល ដីអំបិល ចំនួន៣៥០០ដុល្លារ និងមណ្ឌលត្រែងត្រយឹងចំនួន ២១៧៥,៥$ ព្រមទាំងគោញីចំនួន ០៤ក្បាល រួមជាមួយគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត៕