(ភ្នំពេញ)៖ ខណៈដែលជំងឺកូវីដ១៩ ប្រភេទ «អូមីក្រុង» បាន និងកំពុងរីករាលដាលនៅរាជធានីភ្នំពេញ គេបានឃើញនៅតាមបណ្ដាផ្សារមួយចំនួនបានបើកដំណើរការជាធម្មតា។ ក្នុងនោះសម្រាប់ផ្សារទួលទំពូង ក៏បានដំណើរការជាធម្មតាដូចគ្នាផងដែរ ពោលគឺនៅទីផ្សារមួយនេះមានអាជីវករលក់ដូរ ប្រមាណ៨៥ភាគរយ។ តែសម្រាប់អតិថិជនចេញ-ចូលទិញទំនិញមានការថយចុះ។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះថា៖ «ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ស្ថានភាពផ្សារទួលទំពូង គឺមានអាជីវករលក់ដូរប្រមាណជា៨៥ភាគរយ។តែសម្រាប់អតិថិជនចេញ ចូលផ្សារ មានការថយចុះ»

ពាក់ព័ន្ធនឹងវិធានការការពារទប់ស្កាត់ជំងឺកូវី១៩នេះ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គណៈកម្មការផ្សារ នៅតែបន្តសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩នេះ ជាប្រចាំដោយអតិថិជនដែលចេញ ចូលផ្សារ ត្រូវពាក់ម៉ាក បាញ់អាកុល ជាមួយនឹងការវាស់កំដៅមុននឹងចូលទៅក្នុងផ្សារផងដែរ។ គណៈកម្មការផ្សារ នៅតែបន្តផ្សព្វផ្សាយនូវវិធានការ ការពារពីកូវីដ១៩រាល់ថ្ងៃ។ យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនភ្លេចយើងនោះទេ។

លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករវិញពួកគាត់ចេះការពារខ្លួនពីជំងឺកូវីដ១៩ណាស់ ដោយពួកគាត់បានពាក់ម៉ាក់ជាប្រចាំ ហើយនៅតាមបណ្តាតូបនីមួយៗ មានអាកុលសម្រាប់លាងដៃជាប្រចាំផងដែរ៕