(ភ្នំពេញ)៖ មេឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានអះអាងថា លោកតែងក្រើនរំលឹក និងណែនាំដល់មន្ដ្រីរបស់ខ្លួននៅមូលដ្ឋានថា លើលោកនេះគ្មានអ្វីជាអាថកំបាំងនោះទេ ដូច្នេះធ្វើជាមន្ដ្រីត្រូវតែហ៊ានទទួលស្គាល់ និងទទួលយកនូវការរិះគន់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីកែប្រែចំណុចខ្វះខាត។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅបន្ដរបស់ខេត្តព្រះវិហារ» លោក វ៉ន សារ៉ុម បានលើកឡើងទៀតថា មន្ដ្រីក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវតែហ៊ានទទួលខុស និងទទួលត្រូវ។

លោក វ៉ន សារ៉ុម ដែលប្រជាពលរដ្ឋតែងហៅថា មេឃុំរូបស្រស់ បានថ្លែងបែបនេះថា «អ្វីលើលោកអត់មានអ្វីជាអាថកំបាំងទេ កុំលាក់លាម ត្រូវតែហ៊ានទទួលខុស និងទទួលត្រូវ ហើយយើងកុំទទួលយកថាខ្លួនឯងត្រូវពេក ត្រូវទទួលយកថាខ្លួនឯងខុសដើម្បីអភិវឌ្ឍន៍។ ហើយគេរិះគន់ដើម្បីស្ថាបនា លាបពណ៌លាបអីបន្ថែមទៅស្អាតបាត់»

មេឃុំរូបនេះ ក៏បានចែករំលែកនូវ បទពិសោធន៍ នៃការបំពេញកិច្ចការងារជាមួយមន្ដ្រីរបស់ខ្លួន ដើម្បីកុំឲ្យមានបញ្ហាថ្នាំងថ្នាក់ផងដែរថា រាល់បញ្ហាដែលជាសំណូមពរ ឬការរិះគន់របស់ប្រជាពលរដ្ឋទៅលើមន្ដ្រីណាម្នាក់នោះ លោកតែងតែលើកឡើងក្នុងកិច្ចប្រជុំរួម ដើម្បីស្វែងរកដំណោះស្រាយ ឬឲ្យមន្ដ្រីនោះហ៊ានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយធ្វើកិច្ចសន្យាកែប្រែ។

លោកបន្ថែមទៀតថា ក្នុងករណីមិនរៀងរាល់ លោកនឹងបញ្ជូនកំណត់ហេតុទៅថ្នាក់ស្រុក ដើម្បីចាត់វិធានការ ឬអនុវត្តវិន័យរដ្ឋបាលជាដើម ដើម្បីកែប្រែឥរិយាបថ ប៉ុន្ដែលោកថា កន្លងទៅមន្ដ្រីរបស់លោក គឺមិនដែលប្រកែកនៅពេលមានការរិះគន់របស់ប្រជាពលរដ្ឋនោះឡើយ។ បើមិនដូច្នេះលោកនឹងប្រើប្រាស់អភិក្រមទាំង៥របស់សម្ដេចតេជោ ហ៊ុន សែន។

លោក វ៉ន សារ៉ុម បានអះអាងទៀតថា ចំពោះការបម្រើសេវារដ្ឋបាល ឬការបម្រើសេវាសាធារណៈផ្សេងជូនប្រជាពលរដ្ឋ ទាំងលោក និងមន្ដ្រីនៅរដ្ឋបាលឃុំទាំងអស់ មិនដែលគិតរឿងថ្ងៃឈប់សម្រាក ឬថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះទេ ពោលឲ្យតែប្រជាពលរដ្ឋត្រូវការ គឺលោកនឹងបម្រើជូនភ្លាមៗ៕