(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមានការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និងការចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម៥ឆ្នាំ។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ADB បានថ្លែងថា «គម្រោងនេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិត ដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿន នៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន១លានដុល្លារ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈម ក្នុងការទទួលបានវ៉ាក់សំាង ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ក្នុងឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំក្នុងឆ្នាំនោះ។

ប្រទេសកម្ពុជាបានផ្តល់ចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដល់ប្រជាពលរដ្ឋប្រមាណ៨០% នៃប្រជាពលរដ្ឋសរុប១៦,៧លាននាក់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២១។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។

ទោះបីជាយ៉ាងនេះក្តីប្រព័ន្ធសុខាភិបាល របស់ប្រទេសនៅតែងាយរងគ្រោះ ចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

បន្ថែមពីលើប្រាក់កម្ចីដែលបានមកពីមូលនិធិ APVAX (Asia Pacific Vaccine Access Facility) ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងជួយសម្របសម្រួលប្រាក់កម្ចីចំនួន៥0លានដុល្លារ ពីធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank ឬហៅកាត់ថា AIIB) សម្រាប់កម្ពុជាផងដែរ។ ប្រាក់កម្ចីទាំងនេះនឹងជាថវិការួម សម្រាប់ការទិញវ៉ាក់សាំងរហូតដល់១៤,៥ លានដូស ព្រមទាំងជួយគាំទ្រ ដល់ការដឹកជញ្ជូនចាំបាច់នានា។

គម្រោងខាងលើជាការគាំទ្របន្ថែម លើជំនួយទាក់ទងនឹងកូវីដ១៩កន្លងទៅរបស់ ADB ដល់កម្ពុជា។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព សង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ១,៧លានគ្រឿង ដល់កម្ពុជាក្នុងឆ្នាំ២០២១ផងដែរ៕