(ភ្នំពេញ)៖ មជ្ឈមណ្ឌលកែសម្ផស្ស ដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា «ឌែរម៉ូគ្លីនិក» (Dermo Clinic Estetic Center)បានបើកកិច្ចសហការ ជាប្រវត្តិសាស្រ្ត ជាមួយនឹងគ្លីនិក កែសម្ផស្ស​ដ៏ល្បីល្បាញ មកពី​សាធារណរដ្ឋកូរ៉េ មានឈ្មោះថា មេហ្គាគ្លីនិក (Mega Clinic Plastic Surgery ) និង Bangkok Stemcell មកពីប្រទេសថៃ ដើម្បីផ្ដល់ជូន នូវសេវាកម្មកែសម្ផស្ស កាន់តែជឿទុកចិត្ត មានលក្ខណៈស្ដង់ដារ តាមបែបអន្តរជាតិ ជាពិសេសការវះកាត់កែសម្ផស្ស ឱសថ និងសេវាកម្មជាច្រើនទៀត បន្ថែមពីលើគ្លីនិក ដែលកំពុងតែមានស្រាប់។

កិច្ចសហការនេះ បានធ្វើឡើងនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ នៅ​ឯសណ្ឋាគារ Intercontinental ក្នុងកម្មវិធីមួយ មានឈ្មោះថា «ឌែរម៉ូ ឡេឌី ប៊ីយូធីណាយ» (Dermo Lady Beauty Night) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល ឌែរម៉ូគ្លីនិក​ ហើយក៏ក្នុងន័យថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ និងដៃគូសហការកន្លងមក ដែលតែងតែផ្គត់ផ្គង់ ផលិតផលព្យាបាលស្បែក និងថែរក្សាសម្រស់ ក៏ដូចជាឱសថកែសម្ផស្ស​ផ្សេងៗជាច្រើនទៀត។ ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ គេសង្កេតឃើញមានការអញ្ជើញ ចូលរួមពីសំណាក់​ដៃគូសហការ ពាណិជ្ជករ អ្នកជំនួញ និងអ្នកសិល្បៈល្បីៗ ដែលធ្លាប់ទទួល​ស្គាល់សេវាកម្មកែសម្ផស្ស របស់ ឌែរម៉ូគ្លីនិក ជាច្រើននាក់ទៀត។

អ្នកស្រី ហូវ ដាណេ អគ្គនាយិកានៃមជ្ឈមណ្ឌល កែសម្ផស្ស ឌែរម៉ូគ្លីនិក បានប្រាប់ឲ្យដឹងថា កម្មវិធី «ឌែរម៉ូ ឡេឌី ប៊ីយូធីណាយ» (Dermo Lady Beauty Night) ដែលរៀបចំឡើង ដោយមជ្ឈមណ្ឌល ឌែរម៉ូគ្លីនិក​ នៅរាត្រីនេះ ជាការទទួលស្វាគមន៍ដៃគូសហការថ្មី មានដូចជា​ មេហ្គាគ្លីនិក (Mega Clinic Plastic Surgery ) មកពីប្រទេសកូរ៉េ និងដៃគូសហការ​មួយទៀត គឺ Bangkok Stemcell មកពីប្រទេសថៃ ដោយប្រទេសទាំង៣នេះ ក្នុងតំបន់អាស៊ានតែមួយ នឹងនាំមកនូវការកែសម្ផស្ស ការព្យាបាលសម្ផស្ស និងការវះកាត់កែសម្ផស្ស មានលក្ខណៈទំនើប បច្ចេកវិទ្យាចុងក្រោយបំផុត មកបម្រើជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់តម្រូវការ​។

អ្នកស្រីបានបន្តឲ្យដឹងទៀតថា ស្របពេលជាមួយនឹងប្រទេសកម្ពុជា មានស្ថេរភាព និងការរីកចម្រើនគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកែសម្ផស្ស ដែលបានចូលរួមលើកកំពស់ មុខមាត់ប្រទេសជាតិ របស់យើងផងដែរ ។ មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនិក នៃប្រទេសកម្ពុជា មានសេវាកម្មជាច្រើន ដូចជាព្យាបាលរាល់ជំងឺសើរស្បែក ការកែសម្ផស្សដោយវះកាត់ និងកែសម្ផស្សដោយមិនវះកាត់ ស្របតាមលក្ខណៈ ស្ដង់ដារអន្តរជាតិ ដែលធ្វើឲ្យអថិតិជន អស់ក្ដីបារម្ភ ដើម្បីបំពេញសេចក្ដីត្រូវការ របស់អថតិថិជន កាត់បន្ថយការចាកចេញ ទៅកែសម្ផស្សនៅក្រៅប្រទេស។

អ្នកស្រី ហូវ ដាណេ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋខ្មែរ មានការចាប់អារម្មណ៍ខ្ពស់ ទៅលើការកែកុនសម្ផស្ស ជាពិសេសអ្នកសិល្បៈ។ ក្នុងនោះមានអ្នកសិល្បៈ​ប្រមាណជា៥០% ដែលបានមកទទួល​ការព្យាបាល និងសេវាកម្មកែសម្ផស្ស ពីឌែរម៉ូគ្លីនិក ព្រោះតែពួកគេបានជឿទុកចិត្ត ផ្ដល់ទំនុកចិត្តលើមជ្ឈមណ្ឌល ដែលធ្លាប់តែមានឈ្មោះល្បី ជាយូរឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឲ្យអតិថិជន ​មានទំនុកចិត្តនោះ គឺមជ្ឈមណ្ឌលតែងតែចុះកិច្ចព្រមព្រៀង ជាមួយនឹងសាមីខ្លួនជាមុនសិន មុននឹងអតិថិជននោះ ទទួលយកការកែសម្ផស្ស ឬវះកាត់កែសម្ផស្ស ព្រោះជាការផ្ដល់នូវទំនុកចិត្តខ្ពស់រវាងគ្នានិងគ្នា ទៅវិញទៅមក និងដើម្បីឲ្យអតិថិជន អស់ក្ដីបារម្ភ ចំពោះការកែសម្ផស្ស ទៅថ្ងៃអនាគត៕