(ភ្នំពេញ)៖ លោក Pellet Jacques ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសំដែងការគួរសមចំពោះលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាការងារ។

ក្នុងជំនួប នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោករដ្ឋមន្ត្រី និងលោក ឯកអគ្គរដ្ឋទូត Pellet Jacques បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងបារាំង លើច្រើនវិស័យមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យមុខងារសាធារណៈ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងអំណរគុណជ្រាលជ្រៅ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជាជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលក្នុងរយៈពេលកន្លងមកបានចូលរួមចំណែកដ៏ថ្លៃថ្លា ក្នុងការឧបត្ថម្ភគាំទ្របុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជា។

ទន្ទឹមនឹងការស្នើសុំភាគីបារាំងឱ្យបន្តពង្រឹងសហប្រតិបត្តិការដែលមានស្រាប់ក្នុងការ អភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងពីលទ្ធភាពនៃការ ពង្រីកទំនាក់ទំនងសហការកាន់តែទូលាយថែមទៀត រវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយនឹងក្រសួងកំណែទម្រង់ និងមុខងារសាធារណៈ (Ministère de la transformation et de la fonction publique) របស់បារាំង ក៏ដូចជារវាងសាលាភូមិន្ទរដ្ឋបាល (ERA) របស់កម្ពុជាជាមួយវិទ្យាស្ថានជាតិសេវាសាធារណៈ (INSP) របស់បារាំងដែលទើបបង្កើតថ្មីកាលពីដើមឆ្នាំ២០២២នេះ។

ចុងបញ្ចប់នៃជំនួបនេះ ទាំងលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទាំងលោក Pellet Jacques ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា សុទ្ធតែបានសំដែងនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការល្អ ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ នឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ចំណងមិត្តភាពយូរលង់ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និង បារាំង ៕