(ភ្នំពេញ)៖ «កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ជំនាន់ទី២ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាប់កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅចូលរួមឱ្យកាន់តែសកម្មក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា និងដើម្បីជាការពង្រឹងសមត្ថភាពខ្លួនឯង និងសម្រាប់ជាការពង្រឹងដល់ការដឹកនាំ និងបង្រៀននៅក្នុងសាលារៀន បានឈានដល់វគ្គការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់, គរុនិស្សិត បានទទូចឱ្យមានវគ្គនេះបន្តបន្ទាប់ទៀត ក្រោយពីបានសិក្សា និងយកទៅអនុវត្តន៍តាមសាលារៀន ទទួលបានប្រសិទ្ធភាពខ្ពស់ និងបានជួយដល់អត្រាបោះបង់កាសិក្សារបស់សិស្ស ធ្លាក់នៅសល់កម្រិតទាប។

លើកឡើងក្នុងឱកាសការពាររបាយការណ៍បញ្ចប់សាកល្បង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ គរុនិស្សិតលោកគ្រូ លី យ៉ានី នាយកវិទ្យាល័យសំប៉ាង នៅស្រុក កោះធំ ខេត្តកណ្តាល បានអះអាងថា បន្ទាប់ពីបានសិក្សាលើវគ្គនេះរួច និងបានយកទៅអនុវត្តនៅតាមសាលាលោកផ្ទាល់ គឺមានការវិឌ្ឍខ្លាំងទាក់ទង នឹងចំណោះដឹង របស់សិស្សមានការយល់ដឹងខ្លាំងជាងមុន ពីសិស្សដែលបោះបង់ការសិក្សាច្រើន រហូតលែងសូវមានការបោះបង់ និងមានសិស្សចូលរៀនបានច្រើនជាងមុន ក្នុងនោះកម្រិតនៃភាពឆ្លាតវៃរបស់សិស្ស ក៏មានការកើនឡើងខ្លាំងជាងមុន។

លោកគ្រូ លី យ៉ានី បានអះអាងទៀត ការធ្វើតេស្តសមត្ថភាពសិស្ស ដើម្បីបានបែកចែកថ្នាក់រៀនទៅតាមកម្រិតរបស់ពួកគេ ពិតជាមានភាពសំខាន់ណាស់ ព្រោះលោកគ្រូ អ្នកគ្រូ អាចដឹងច្បាស់ពីរបៀបបង្រៀនដល់ពួកគេ ខណៈដែលសិស្សមានសមត្ថភាពខ្សោយគឺតម្រូវឱ្យទៅរៀនក្នុងថ្នាក់ជាមួយគ្នា ដើម្បីឱ្យពួកគេបានរៀនបំប៉នបន្ថែម ឱ្យបានច្រើនម៉ោងជាសិស្សដ៏ទៃទៀត

ជុំវិញកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រង់គ្រងនេះ លោកគ្រូនាយកអនុវិទ្យាល័យសំប៉ាន បានចាត់ទុកថា ជាកម្មវិធីដ៏ល្អបំផុតនៅពេលដែលគណៈគ្រប់គ្រងនៅតាម សាលាមកសិក្សាជំនាញ លើកកម្ពស់គុណវុឌ្ឍិ បានធ្វើឱ្យការសិក្សារបស់សិស្ស មានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងរបត់ថ្មីនេះ តាមរយៈនៃការស្រូបយក ហើយលោក នឹងយកទៅអភិវឌ្ឍន៍នៅក្នុងសាលារបស់ខ្លួនបន្តផងដែរ។

លោកគ្រូ ស្តើង ស៊ីវហឺ នាយកវិទ្យាល័យអូរអំបិល នៅខេត្តបន្ទាយមានជ័យ ថ្លែងនូវការសាទរ ចំពោះការធ្វើការកែទម្រង់ក្នុងវិស័យអប់រំ ដែលជារបត់ថ្មីមួយ កំពុងជម្រុញ ការបណ្តុះបណ្តាលធនធានមនុស្ស ដើរតាមផ្លូវត្រូវ ក្នុងនោះ លោកគ្រូ ក៏បានស្មើឱ្យក្រសួងបន្តកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន ជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងគុណវិឌ្ឍដល់អ្នកគ្រប់គ្រង ក៏ដូចលោកគ្រូអ្នកគ្រូ ដើម្បីយកជំនាញទៅបណ្តុះបណ្តាលបន្ត។

បើតាមលោក ព្រីង មរកត ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការរៀបចំឱ្យមានកម្មវិធីនេះឡើងក្រោមការ ចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយផ្តោតមុំសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់បំផុត ដូច្នេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេធិការក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធ បានរៀបចំកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនក្នុងគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សានេះឡើង ក្រោមកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ព្រីង មរកត បានបន្ថែមថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន ជាការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលដ៏ត្រឹមត្រូវ និងចំពេល វេលាក្នុងការជម្រុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលនៅក្នុងសាលារៀន ចាំបាច់ណាស់ត្រូវ តែមានកំណែទម្រង់នៅថ្នាក់រៀន ក្នុងនោះថ្នាក់រៀនដែលសំខាន់បំផុត គឺធ្វើឲ្យមានការប្រែប្រួលក្នុងសាលារៀន ធ្វើយ៉ាងណាឲ្យសិស្សឆាប់ចាប់បាននូវចំណេះដឹង ដែលផ្តល់ដោយលោកគ្រូអ្នកគ្រូ ។

គួរបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំ ឯកទេសការគ្រប់គ្រងសាលារៀនមាន១២០ ក្រេឌីត។ សកម្មភាពចម្បងក្នុងការសិក្សារួមមាន៖

* វគ្គសិក្ខាសាលាមានចម្រុះប្រធានបទ ទាក់ទងនឹងគោលការណ៍ និងការអនុវត្តលើការគ្រប់គ្រង និងដឹកនាំសាលារៀន
* ការសិក្សាលើមុខវិជ្ជា និងការអនុវត្តផ្ទាល់ស្របតាមស្តង់ដាសាលារៀនមានប្រសិទ្ធភាព
* ការសរសេររបាយការណ៍ស្តីពីការកែលម្អសាលារៀនដោយឆ្លុះបញ្ចាំងអំពីផលសម្រេចនៅសាលារៀន។

កម្មវិធីសិក្សា «កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ផ្តោតលើការអនុវត្តជាក់ស្តែងរហូតដល់ ៧៥% និងទ្រឹស្តីត្រឹមតែ២៥ %ប៉ុណ្ណោះ។ លក្ខខណ្ឌចម្បង សម្រាប់បញ្ចប់ការសិក្សាគឺអ្នកសិក្សាត្រូវបង្ហាញនូវភាពរីកចម្រើននៃសាលារៀនរបស់ខ្លួនលើការផ្លាស់ប្ដូរលទ្ធផលសិក្សារបស់សិស្សឱ្យប្រសើរ។ ចំពោះសាស្ត្រាចារ្យ សម្រាប់បង្រៀនផ្នែកទ្រឹស្តី និងជួយបង្វឹកនិងណែនាំអនុវត្តន៍ ដែលមានបទពិសោធអនុវត្តនគម្រោងសរុបចំនួន ៤៥នាក់ ក្នុងនោះបណ្ឌិតចំនួន ៣០% និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០ %។

ទន្ទឹមនឹងនេះកម្មវិធីបណ្ដុះបណ្ដាលនេះ មានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ នាយកសាលាគំរូ និងអ្នកជំនាញចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាបំប៉នទាក់ទងនឹងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀនដល់អ្នកសិក្សា។ កម្មវិធីនេះត្រូវបានក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ប្រគល់ឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាអ្នកទទួលបណ្តុះបណ្តាល៕