(សៀមរាប)៖ ការប្រែក្លាយវិស័យកសិកម្មរបស់កម្ពុជា ឱ្យទៅជាវិស័យមួយដែលមានថាមពល និងមានការលូតលាស់ខ្ពស់ មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសយើងក្នុងការពន្លឿនការស្តារឡើងវិញ ការកាត់បន្ថយភាពក្រីក្រ និងការលូតលាស់ប្រកបដោយបរិយាប័ន្ន។

លោក ចាន់ សេរីរដ្ឋា នាយកប្រចាំប្រទេសនៃអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ជឿជាក់យ៉ាងមុតមាំថា ការនាំយកភាគីពាក់ព័ន្ធសំខាន់ៗ មករួមគ្នានៅក្នុងវេទិកាតែមួយ គឺមានសារៈសំខាន់សម្រាប់ការកសាងវឌ្ឍនភាពនេះ។

ចំណុចទាំងនេះត្រូវសម្រេចបាន នៅក្នុងកិច្ចប្រជុំស្តីពី កសិកម្មប្រកបដោយចីរភាព ឆ្នាំ២០២២ ដែលសហការរៀបចំដោយ ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) និងអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅអង្គរហូវើដ ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពីសហគមន៍កសិកម្ម ធនាគារ មីក្រូហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកផ្តល់សេវា អ្នកផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម ដៃគូអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ អ្នកដឹកនាំអាជីវកម្មកសិកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងតំណាងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០នាក់។

កិច្ចប្រជុំបានលើកឡើងថា ក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 ការប្រែក្លាយប្រព័ន្ធអេកូឡូស៊ីកសិកម្ម និងចំណីអាហាររបស់កម្ពុជា គឺកាន់តែមានសារៈសំខាន់ ក្នុងការធានាបាននូវខ្សែច្រវ៉ាក់តម្លៃអាហារដែលរឹងមាំ អាហារដែលមានតម្លៃសមរម្យ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងសេដ្ឋកិច្ចនៅជនបទដ៏រស់រវើក។

ព្រឹត្តិការណ៍នេះមានលក្ខណៈប្លែកពីគេ ដោយលើកកម្ពស់សមភាពរវាងផលប្រយោជន៍ពាណិជ្ជកម្ម មនុស្ស និងបរិស្ថាន តាមការចែករំលែកទស្សនវិជ្ជាព្រះពុទ្ធ របស់ព្រះតេជគុណ គូ សុភាព និងធម្មបណ្ឌិត ហេង មុនីចិន្តា សារសំខាន់នៃដើរផ្លូវកណ្តាល និងផ្តល់ជូនអោយគ្នាទៅវិញទៅមករួមទាំងទៅដីធ្លី ដែលយើងបានប្រើប្រាស់និងអាស្រ័យផល ដើម្បីទទួលបាននូវនិរន្តភាពនិងភាពសុខដុមរុម្នីកម្ម។

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) បានថ្លែងថា «ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា គឺជារបៀបវារៈដ៏សំខាន់សម្រាប់ប្រទេសយើង។ ការផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម ត្រូវតែសម្រេចបានតាមរយៈការផ្លាស់ប្តូរ ប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធអេកូឡូស៊ីកសិកម្ម ប្រកបដោយទំនួលខុសត្រូវ វិជ្ជាជីវៈ និងបរិយាប័ន្ន»។

លោកបន្តថា «ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ក្នុងការជំរុញការធ្វើពិពិធកម្មដំណាំដែលមានតម្លៃខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នៃការផ្គត់ផ្គង់ស្បៀងក្នុងអំឡុងពេលជំងឺរាតត្បាតនេះ គឺពិតជាត្រឹមត្រូវ។ ការពិភាក្សាប្រកបដោយសុភវិនិច្ឆ័យ នៅក្នុងកិច្ចប្រជុំរបស់យើងបង្ហាញយ៉ាងច្បាស់ថាកសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិ-ពាណិជ្ជកម្មរបស់យើង កំពុងត្រៀមខ្លួនរួចរាល់ ដើម្បីយកឈ្នះលើបញ្ហាប្រឈមនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងត្រៀមដាក់សេដ្ឋកិច្ចរបស់យើងជាកម្លាំង ពាក់ព័ន្ធសម្រាប់ផលិតកម្ម និងពាណិជ្ជកម្ម ស្បៀងអាហារប្រកបដោយនិរន្តរភាព ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក»

 លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងថា «ចក្ខុវិស័យរបស់យើង គឺ ក្លាយជាប្រទេសកម្ពុជា ដែលមានសន្តិសុខស្បៀង ភាពធន ជាមួយនឹងកសិករដែលរីកចម្រើន និងកសិពាណិជ្ជកម្មដែលមានដៃគូជាមួយរដ្ឋាភិបាល»។

លោកបន្តថា «ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងចំណោមភាគីពាក់ព័ន្ធ ក្នុងវិស័យកសិជលផល ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីបន្តផ្តល់អំណាចដល់សហគ្រិនកសិកម្ម និងវិស័យឯកជនក្នុងការបង្កើនផលិតភាព និងផលចំណេញកសិកម្ម ដោយគិតគូរពីនិរន្តរភាព ភាពធន់ និងការការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ»

កិច្ចប្រជុំនេះបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «ការគិតថ្មី» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍កសិកម្ម។

សំណើជាច្រើនបានស្នើឱ្យផ្លាស់ប្តូរ ពីការផ្តោតសំខាន់លើដំណាំជាក់លាក់ណាមួយ ទៅជាការកែលម្អភាពធន់ជារួម ភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យជនបទ ដោយបើកដំណើរប្រព័ន្ធអេកូឡូស៊ី និងការពារជីវចម្រុះ។

បទពិសោធន៍ជាសាកលបង្ហាញថា ស្របពេលដែលការធានា នូវលទ្ធភាពទទួលបានធាតុចូល គឺនៅតែសំខាន់ ការតំរង់ទិសការចំណាយសាធារណៈសំខាន់ៗ ទៅរកការវិនិយោគលើផលប្រយោជន៍សាធារណៈ រួមមានការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធនវានុវត្តន៍ ប្រព័ន្ធព័ត៌មានទីផ្សារ និងប្រព័ន្ធជីវសុវត្ថិភាព នឹងអាចជួយកាត់បន្ថយភាពក្រីក្រកាន់តែប្រសើរ និងបង្កើនផលិតភាពកាន់តែច្រើន តាមរយៈការធ្វើទំនើបកម្មទូទៅនៃកសិកម្ម។

កសិករខ្នាតតូចដែលបានចូលរួមកិច្ចប្រជុំ ស្តីពី កសិកម្មប្រកបដោយនិរន្តរភាពនេះ បានលើកឡើងថា នៅមានតម្រូវការសម្រាប់សហគមន៍កសិកម្ម វិស័យកសិពាណិជ្ជកម្ម និងរដ្ឋាភិបាលក្នុងការកែលម្អវិធានការ ដើម្បីឱ្យកសិករខ្នាតតូច អាចទទួលបានធាតុចូលកាន់តែប្រសើរ ហិរញ្ញប្បទានសមរម្យសម្រាប់ការវិនិយោគ និងទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ ខណៈដែលសហគ្រាសកសិពាណិជ្ជកម្ម និងអ្នកលក់ដុំសង្កត់ធ្ងន់ថាអ្នកផលិតគួរតែ ធានាបរិមាណ និងគុណភាពនៃផលិតផលសម្រាប់ការកែច្នៃឱ្យទាន់ពេលវេលា។

យន្តការផ្តល់ហិរញ្ញប្បទាន ដែលមានភាពបត់បែន និងតម្លៃសមរម្យ គឺពិតជាចាំបាច់សម្រាប់ការផ្តល់ហិរញ្ញប្បទាន ពីធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋ ដែលអាចផ្តល់លទ្ធភាពឱ្យសហគមន៍កសិកម្ម និងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការកែច្នៃផលិតផល អាចទិញនូវអ្វីដែលកសិករបានផលិត គឺជាអត្ថប្រយោជន៍ណាស់ ព្រោះវាអាចផ្តល់ឱ្យកសិករនូវជម្រើសកាន់តែប្រសើរ និងលើកទឹកចិត្តដល់ វិស័យឯកជននៅខាងដើមនៃខ្សែរច្រវ៉ាក់តម្លៃ (ផ្នែកធាតុចូល និងសេវាកម្មកសិកម្ម) និងខាងចុងនៃខ្សែរច្រវ៉ាក់តម្លៃ (ផ្នែកកែច្នៃ និងទីផ្សារ)។ ដំណើរការនេះអាចជួយកសិករភ្ជាប់ទៅកាន់ទីផ្សារ និងឱកាសពាណិជ្ជកម្មនានា។

កិច្ចប្រជុំបានអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍តាមរយៈគម្រោងសហគមន៍កសិកម្ម សេវាបណ្តាញកាន់តែប្រសើរ ពាណិជ្ជកម្មអេឡិចត្រូនិក និងការវិនិយោគលើការចាប់ផ្តើមកសិពាណិជ្ជកម្ម ដែលអាចជួយជំរុញទំនើបកម្មកសិកម្មកម្ពុជា។

លោក សុង សារ៉ន នាយកប្រតិបត្តិនៃក្រុមហ៊ុន អាមរូរ៉ាយ៍ និងជាប្រធានសហព័ន្ធស្រូវអង្ករ បានថ្លែងថា «គម្រូនៃការផ្លាស់ទាំងនេះ មានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបទៅនឹងឱកាសទីផ្សារក្នុងស្រុក និងពិភពលោកដែលកំពុងរីកចម្រើន ទន្ទឹមនឹងនេះដែរវាក៏ជួយបង្កើតការងារ បង្កើនប្រាក់ចំណូលរបស់កសិករ និងធានានូវតម្រូវការសន្តិសុខស្បៀងរបស់កម្ពុជា និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៃការប្រែប្រួលអាកាសធាតុ»

លោកថា កិច្ចប្រជុំគាំទ្រឱ្យគម្រោងកាន់តែច្រើនទៀត ដើម្បីជួយលើកកំពស់ផលិតភាពកសិកម្ម ភាពធន់ និងលទ្ធភាពទទួលចូលទៅកាន់ទីផ្សាររបស់កសិករនៅក្នុងដែនបុព្វបុរស ដែលបានជ្រើសរើសនៅក្នុងសហគមន៍ភូមិភាគកណ្តាល និងភូមិភាគខាងជើងនៃប្រទេសកម្ពុជា ដែលជាបណ្តុំនៃកសិករខ្នាតតូច។ អ្វីដែលសំខាន់បំផុត គឺយើងចង់ឃើញការយកចិត្តទុកដាក់ទៅលើបរិយាប័ន្ន និរន្តរភាព និងការអនុវត្តពាណិជ្ជកម្ម ប្រកបដោយក្រមសីលធម៌ នៅក្នុងខ្សែច្រវ៉ាក់តម្លៃទាំងមូល និងលើកកម្ពស់គ្រាប់ពូជដែលធន់នឹងអាកាសធាតុ ការការពារបរិស្ថាន និងការថែរក្សាជីជាតិដីតាមរយៈមធ្យោបាយធម្មជាតិ»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានថ្លែងថា «កសិកម្មប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាកសិកម្ម កសិកម្មវ័យឆ្លាត និងហិរញ្ញប្បទានបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្ត្រី ដែលបានកំពុងធ្វើការងារក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់កសិកម្ម។ អង្គការអុកស្វាមសូមស្វាគមន៍ កិច្ចសហការពីវិស័យឯកជន និងរដ្ឋ ដែលមានវត្តមានក្នុងកិច្ចប្រជុំស្តីពី កសិកម្មប្រកបដោយនិរន្តរភាព»