Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន បដិសេធសំណើ សុំចូលចតនាវាដឹកយន្តហោះចម្បាំងអាមេរិក នៅកំពង់ផែទីក្រុងហុងកុង

30-04-2016 11:56

(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានបដិសេធចំពោះសំណើមួយ ពីកងនាវាដឹកយន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិក USS John C. Stennis មកកាន់កំពង់ផែទីក្រុងហុងកុង ស្របពេលដែល ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកំពុងតានតឹង។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសអាមេរិក ដែល Channel News Asia ទទួលបាននៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន និងជាមេបញ្ជាការលើនាវាមួយរូបផងដែរ គឺលោក Bill Urban បាននិយាយថា ទោះបីជាមិនត្រូវបានអនុញ្ញាតដោយទីក្រុងប៉េកាំងក៏ដោយ ក៏នាវាចម្បាំង ប្រភេទមួយទៀតរបស់អាមេរិក USS Blue Ridge បាននិងកំពុងស្ថិតនៅកំពង់ផែទីក្រុងហុងកុង នៅឡើយ ដើម្បីបំពេញទស្សនកិច្ច ហើយអាមេរិកនឹងបន្តបេសកកម្មនេះទៀត។

គួរបញ្ជាក់ថា នាវាដឹកនាំយន្តហោះចម្បាំងអាមេរិក គឺជាអាវុធដ៏មុតស្រួច ដែលមហាអំណាចនេះ ប្រើប្រាស់ដើម្បីគ្រប់គ្រងជាទូទៅ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ដោយហេតុនេះហើយ វាគ្មានអ្វីត្រូវងឿងឆ្ងល់នោះទេ ក្នុងការដែលចិនមិនព្រមឲ្យចូលចត នៅកំពង់ផែរបស់ខ្លួននោះ។ មន្ត្រីចិនមិនបាន បញ្ជាក់ពីមូលហេតុអ្វីច្រើនទេ ចំពោះការបដិសេធសំណើអាមេរិក គ្រាន់តែថាវា «មិនមែនជាការសមរម្យ»៕