(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងស្តីពី ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ ប្រភេទអូមីក្រុង នៅតាមមូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌឺស្កូតែក និងបៀហ្គាឌិន) ឱ្យបានហ្មត់ចត់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានធ្វើការណែនាំដល់លោកអភិបាលក្រុង ស្រុក និងលោកប្រធានមន្ទីរ ត្រូវបន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ «៣ការពារ ៣កុំ» និងត្រូវពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន បានហ្មត់ចត់ ពិសេសួលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួនដូចខាងក្រោម៖

*បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ
*ត្រួតពិនិត្យបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវ វាស់កម្ដៅ បាញ់អាល់កុល មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណអាជីវកម្ម
*ត្រូវរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល, ឌីស្កូតែក និងបៀរហ្គាឌិន មិនឱ្យលើសចំនួនផ្ទុកជាអតិបរមា នៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល
ត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក(Carrying Capacity) តាមរយៈគេហទំព័រ www.camccms.org