(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញបន្ថែមទៀតឱ្យបានគ្រប់ៗគ្នា គ្រប់ភេទ គ្រប់វ័យ។

ជាមួយគ្នានោះ ត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង៣ការពារ» ដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ជាពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈកម្ពុជាទើបរកឃើញវីរុសបំប្លែងថ្មីអូមីក្រុង ឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់។

ការអំពាវនាវបែបនេះ របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលតះហ្វីសហ៊្សលគូរអាន់នូរ និងសាលាបឋមសិក្សារអាននូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ទីប្រឹក្សារាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។

ក្រោយស្ដាប់មតិស្វាគមន៍ និងរបាយការណ៍របស់លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំរួចមក លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានន៍លើកឡើងថា ដោយសារមានសុខសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងមកដល់ពេលនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយសេចក្ដីសុខជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះ មូលហេតុចម្បងនោះគឺ ពលរដ្ឋកម្ពុជាចេះរគោរពស្រលាញ់គ្នាទៅវិញទៅមកគ្រប់ជំនឿសាសនា។

លោកអភិបាលខេត្ត ក៏បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ទាំងចំណេះដឹងទូទៅ វិជ្ជាជីវៈ ជំនាញកុំព្យូទ័រជាពិសេសផ្នែកពលករជំនាញនានាឱ្យបានច្រើន ដើម្បីទទួលបាននូវជំនាញពិតៗ សម្រាប់អានាគតខ្លួននិងសង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខបន្តទៀត។

បន្ទាប់មកលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការចែកកង់ជូនសិស្សានុសិស្ស ប្រគល់អណ្ដូងទឹក អំពូលសូឡា គម្ពីរអាល់គួរអាន និងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផងដែរ៕