(ភ្នំពេញ)៖ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍លើជំនាញឌីជីថល ក្រសួងទេសចរណ៍បានរៀបចំ ពិធីបើកវគ្គបណ្តុះបណ្តាលលើជំនាញឌីជីថល សម្រាប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ចាប់ពីថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍។

គោលបំណងសំខាន់ៗនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីចូលរួមផ្តល់ចំណេះដឹង និងជំរុញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាប់យកការប្រើប្រាស់បច្ចេកវិទ្យា ថែមទាំងចូលរួមសម្រេចនូវផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងផែនទីចង្អុលផ្លូវនៃផែនការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៥ លើមុំនៃការអភីវឌ្ឍធនធានមនុស្សឌីជីថលក្នុងវិស័យទេសចរណ៍ផងដែរ។

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរស្ថាប័នរៀបចំយុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងមានចូលរួមពីសំណាក់មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ និងយុវជន ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាអនឡាននេះ សរុបប្រមាណ៥០នាក់។

សូមជម្រាបថា នៅក្នុងយុទ្ធសាស្រ្តទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិ ជាពិសេសនៅក្នុងផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៥ ក្រសួងទេសចរណ៍បាន និងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពស្របតាមស្តង់ដាតំបន់ និងអន្តរជាតិ សំដៅធានាឲ្យមានធនធានមនុស្ស មានភាពគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងទីផ្សារការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់ភ្ញៀវទេសចរ។

ក្នុងនោះក្រសួងទេសចរណ៍បានបង្កើតប្រព័ន្ធ គ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដែលមានអាសយដ្ឋានគេហទំព័រ www.tptd.org និងជាប្រព័ន្ធមួយត្រូវបានរៀបចំឡើង សម្រាប់ជួយដល់វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍រយៈពេលវែង ហើយជាប្រព័ន្ធមួយដែលអាចប្រើប្រាស់ ក្នុងការរក្សាទិន្នន័យអ្នកជំនាញទេសចរណ៍ សម្រាប់តាមដានសមត្ថភាពនិងជំនាញ និងជួយដល់ការវាយតម្លៃសមត្ថភាព អ្នកជំនាញទេសចរណ៍ និងការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសជួយសម្រួលដល់ការផ្សារភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការជំនាញ និងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ និងសម្រួលដល់យុវជន សិស្ស និស្សិត និងអ្នកជំនាញទេសចរណ៍អាចសិក្សា និងវាយតម្លៃសមត្ថភាព សំដៅពង្រឹងសមត្ថភាពខ្លួន (Up-Skilling and Re-Skilling) បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសគោលដៅដែលមិនមានសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បញ្ចៀសការជួបជុំក្នុងស្ថានភាពវិបត្តិជំងឺឆ្លង ចូលរួមចំណែកកាត់បន្ថយចំណាយ និងចូលរួមសម្រេចយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលលើមុំនៃការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការប្រើប្រាស់បចេ្ចកវិទ្យាក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០។

ជាក់ស្តែងចាប់ពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ www.tptd.org បានរៀបចំថ្នាក់បណ្តុះបណ្តាលចំនួន១១៥ថ្នាក់ លើមុខវិជ្ជាចំនួន៤០ និងមានអ្នកចុះឈ្មោះសិក្សាតាមប្រព័ន្ធនេះមានចំនួន១,១៧៤១នាក់ ដោយគិតជាចំនួនសិក្ខាកាមតាមថ្នាក់សរុបមានចំនួន៤០,៧៣៦នាក់ (អ្នកចុះឈ្មោះម្នាក់សិក្សាលើសពី១ថ្នាក់)៕