(កណ្ដាល)៖ លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់សិត្បូ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យកាត់ខំរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ព្រមទាំងចូលរួមរក្សាសុខសន្តិភាព។

ក្រៅពីនេះលោកទាំងពីរ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងធ្លាក់ មិនត្រូវអស់សង្ឃឹមឡើយដោយត្រូវតែខិតខំសិក្សារៀនសូត្របន្ថែមទៀត ក្រេបយកចំណេះដឹងដើម្បីប្រឡងឱ្យជាប់នឹងបន្តការសិក្សានៅឯសាកលវិទ្យាល័យសិក្សារៀនសូត្រពីជំនាញដែលខ្លួនពេញចិត្តដើម្បីក្លាយទៅជាធនធានមនុស្សបញ្ញវន្តសម្រាប់កម្ពុជា ឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍចូលរួមថែទាំនិងរក្សាសុខសន្តិភាពជាមួយគ្នាទាំងអស់គ្នា។

ការលើកទឹកចិត្តពីសំណាក់ថ្នាកដឹកនាំទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស មានទីលំនៅក្នុងសង្កាត់សិត្បូ ដែលទទួលបានជយលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្តាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់សិត្បូ ក៏បានថ្លែងពីគុណបំណាច់នៃសន្តិភាពដ៏ធំធេងដែលរកបានដោយលំបាកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍសិស្សានុសិស្សមានឱកាសក្នុងការរៀនសូត្រទទួលបានចំណេះដឹងក្លាយជាបញ្ញវន្តបន្តការដឹកនាំប្រទេសជាតិឱ្យរីកចម្រើនទៅមុខជាលំដាប់។

លោក គង់ សោភ័ណ្ឌ បានបន្តថា ប្អូនៗត្រូវខិតខំសិក្សារៀនសូត្រឱ្យបានកាន់តែខ្លាំងឡើង និងចាប់ជំនាញដែលខ្លួនពេញចិត្ត ដើម្បីបន្តការសិក្សានៅឯសាកលវិទ្យាល័យ ធ្វើយ៉ាងណាខិតខំក្រេបយកចំណេះដឹងសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះខ្លួនសមត្ថភាពខ្លួនក្លាយជាធនធានមនុស្សមានសមត្ថភាពជាបញ្ញវន្តសម្រាប់កម្ពុជា។

គួរជម្រាបថា ក្នុងសង្កាត់សិត្បូ មានសិស្សានុសិស្សចំនួន៧៤នាក់ បានចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ជាលទ្ធផលជាប់ចំនួន៦២នាក់ ធ្លាក់ចំនួន១២នាក់ ក្នុងនោះនិទ្ទេស A ចំនួន០១នាក់ និទ្ទេស B ចំនួន ៨នាក់ និទ្ទេស C ចំនួន១៧នាក់ និទ្ទេស D ចំនួន២១នាក់ និទ្ទេស E ចំនួន១៣នាក់។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងលោកអភិបាលខេត្តកណ្តាល បានឧប្ថម្ភដល់សិស្សនិទ្ទេស A ចំនួនម្នាក់ នូវថវិកាចំនួន៤០ម៉ឺនរៀល និងនិទ្ទេស B ចំនួន០៨នាក់ ក្នុងម្នាក់ថវិកាចំនួន ២៥ម៉ឺនរៀល និទ្ទេស C ចំនួន ១៧នាក់ ក្នុងម្នាក់ថវិកា ២០ម៉ឺនរៀល និទ្ទេស D ចំនួន ២១នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល និទ្ទេស E ចំនួន១៣នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល។ រីឯក្មួយៗដែលមិនបានប្រឡងជាប់ចំនួន១២នាក់ ក្នុងម្នាក់៥ម៉ឺនរៀល៕