(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ប្រទេសមានសុខសន្តិភាព និងរីកចម្រើនដូចសព្វថ្ងៃ គឺបានមកពីការរួមចំណែកយ៉ាងធំធេងរបស់ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងរៀមច្បងដែលបច្ចុប្បន្នបានចូលនិវត្តន៍។
ការលើកឡើងដូច្នេះធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅក្នុងពិធីជួបសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតយុទ្ធជន និវត្តន៍ជន ចាស់ព្រឹទ្ធាចារ្យក្រោមប្រធានបទ (រួមគ្នាដើម្បីស្នាមញញឹម)។
លោក វ៉ី សំណាង បានគូសបញ្ជាក់ថា អតីតកាលនៃនិវត្តន៍ជន គឺបានត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ចំពោះវីរភាពរបស់រៀមច្បងនិវត្តន៍ជនក្នុងបុព្វហេតុដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិនេះ ជាមោទនភាពរបស់និវត្តន៍ជនដែលត្រូវទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវដែលបានត្រួសត្រាយរួចដោយតម្លៃពលិកម្មមិនអាចកាត់ថ្លៃបាន ក្នុងរសជាតិនៃភាពអំណត់តស៊ូ ឬរបស់អ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក។
ក្នុងពិធីសំណេះសំណាលនេះដែរលោក វ៉ី សំណាង បានបន្តថា ក្នុងកំឡុងដែលកម្ពុជាបានធ្លាក់ចូលក្នុងរបបវាលពិឃាដ (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ) ប្រជាជនកម្ពុជា បានស្លាប់អស់ជាច្រើនលាននាក់ ក្នុងនោះក៏មានគ្រួសារជាច្រើនបាននិរាស្តព្រាត់ប្រាស់គ្រួសារ ពិការាងកាយដោយសង្គ្រាម តែដោយសារការខិតខំតស៊ូប្រយុទ្ធរបស់យុទ្ធមិត្តជារៀមច្បង ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើឱ្យប្រទេសជាតិបានរួចផុតនិងចេញពីរបបវាលពិឃាដដ៏សង្វេគមួយនេះ។ ចំពោះផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចប្បន្ន ពិតជាលទ្ធផលដែលមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបានឡើយ។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ការជួបជុំក្នុងឱកាសនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្ត្រីចូលនិវត្តន៍ ទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការតបស្នង សងគុណបំណាច់ និងរម្លឹកឡើងវិញនូវវីរភាពដែលមិនកាត់ថ្លៃបានចំពោះជាតិមាតុភូមិ និងសង្គមជាតិ។ មួយវិញទៀត គឺដើម្បីបង្ហាញឱ្យយុវជនជំនាន់ក្រោយបានឃើញ និងយកគំរូវិរៈភាពរបស់ពួកគាត់ដែលចំណាយពេលវេលាពេញស្ទើរមួយជីវិតដើម្បីសង្គមជាតិ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ស្ពឺ តែងតែរៀបចំពិធីនេះឡើងដើម្បីផ្សារភ្ជាប់រវាងអ្នកជំនាន់ក្រោយ និងចាស់ព្រឹទ្ធាចារ្យជំនាន់មុន និងបង្ហាញពីការយកចិត្តទុកដាក់មិនទុកចោលក្រោយពួកគាត់បានបាត់បង់សមត្ថភាព និងចូលនិវត្តន៍៕