(ភ្នំពេញ)៖ កងកម្លាំងមួកខៀវរបស់កម្ពុជាចំនួនពីរ កងអនុសេនាធំ ចំនួន៣០៩នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ហើយនៅម៉ោងប្រមាណ ៦៖០០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ ប្រកបដោយជោគជ័យរយៈពេលមួយឆ្នាំ នៅប្រទេសស៊ូម៉ាលី។
ដំណើរនិវត្តរបស់កងកម្លាំងរក្សាសន្តិភាព ក្រោមទង់អង្គការសហប្រជាជាតិ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិបោសសំអាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ។
កងទ័ពមួកខៀវ ដែលបានមកដល់មាតុប្រទេសវិញនាព្រឹកមិញនេះ រួមមាន៖ កងកម្លាំងកម្ទេចគ្រឿងផ្ទុះ នៃកងអនុសេនាធំ លេខ៣១២ ចំនួន១៤៤នាក់ បុរស១៣៦នាក់ និងកងវិស្វកម្មថែទាំព្រលានយន្តហោះ នៃកងអនុសេនាធំលេខ៩១៨ ចំនួន១៦៥នាក់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញ បេសកកម្មការងាររបស់កងកម្លាំងមួកខៀវរបស់កម្ពុជា ប្រកបដោយជោគជ័យ ជាពិសេសអាចរក្សាបានអាយុជីវិត វិលត្រឡប់មករកក្រុមគ្រួសារវិញគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាព ដែលវិលត្រឡប់មកដល់មាតុប្រទេសនាព្រឹកនេះ ត្រូវបានជំនួសដោយកងអនុសេនាធំលេខ៣៣៣ និង៨១៩ ចំនួន៣០៩នាក់ ដែលពួកគេបានចេញទៅកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ។
ក្នុងឱកាសជូនដំណើរកងកម្លាំងទាំង៣០៩នាក់ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូម៉ាលី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរំលឹកឲ្យកងកម្លាំងមួកខៀវទាំងអស់ យកចិត្តទុកដាក់បំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្ត និងស្មារតី ត្រូវគោរពវិន័យ និងស្តាប់បទបញ្ជាមេបញ្ជាការ ហើយត្រូវស្រឡាញ់ប្រជាពលរដ្ឋរបស់គេ ឲ្យដូចប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានសម្រេចបញ្ជូនកងទ័ពរបស់ខ្លួន ក្រុមឆ័ត្ររបស់អង្គការសហប្រជាជាតិ ចេញទៅរក្សាសន្តិភាព នៅតាមបណ្តាជួបសង្រ្គាម ក៏ដូចជាទើបបញ្ចប់សង្រ្គាមកាលពីឆ្នាំ២០០៦។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៣,៥៥៧នាក់ នារី១១៨នាក់ ទៅបំពេញបេសកកម្ម នៅស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ម៉ាលី អាហ្រ្វិកកណ្តាល និងនៅកោះព្រុស លើជំនាញបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តម្រួតសណ្តាប់ធ្នាប់ និងវិស្វកម្មជាដើម៕