(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមផ្នែកសន្តិសុខនៅអាស៊ី និងនៅទីកន្លែងផ្សេងទៀត ដែលបង្កឡើងដោយការកើនឡើង នូវការគំរាមកំហែង និងអំពើភេរវកម្ម។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ របស់ CICA បានធ្វើឡើងរយៈពេល២ថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយបានចេញសេចក្តីថ្លែងការណ៍ចំនួន៥ចំណុច ក្នុងនោះបណ្តាប្រទេស សមាជិក CICA ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខនៅអាស៊ី ដែលបង្កឡើងដោយការកើនឡើងនូវការគំរាមកំហែង និងអំពើភេរវកម្ម។
សេចក្តីថ្លែងការណ៍ ៥ចំណុចសំខាន់ៗ របស់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស CICA រួមមាន ១.កិច្ចប្រជុំអះអាងថា ពុំមានប្រទេសឬក្រុមប្រទេសណាមូយ មានសិទ្ធិអន្តរាគមន៍ ដោយផ្ទាល់ ឬដោយប្រយោល ទោះជាក្នុងហេតុផលអ្វីក៏ដោយ ចូលកិច្ចការផ្ទៃក្នុង រឹផ្ទៃក្រៅ របស់ប្រទេសមួយផ្សេងទៀតឡើយ។ ២. កិច្ចប្រជុំបានសម្រេចការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រឈមផ្នែកសន្តិសុខនៅអាស៊ី និងនៅទីកន្លែងផ្សេងទៀត ដែលបង្កឡើងដោយការកើនឡើងនូវការគំរាមកំហែង និងអំពើភេរវកម្ម។ ៣.កិច្ចប្រជុំអះអាងជាថ្មីនូវការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងការប្រឈមឆ្លងដែន ដូចជាឧក្រិដ្ធកម្មមានការចាត់តាំង ការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ធកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។ ៤. កិច្ចប្រជុំស្វាគមន៍ការបង្កើតសហគមន៍អាស៊ាន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ និងការខិតខំរបស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីលើកស្ទួយ សន្តិភាពនិងសន្តិសុខតំបន់ និង៥.កិច្ចប្រជុំជំរុញការបង្កើតឡើងនូវទំនាក់ទំនងរវាងលេខាធិការដ្ធានរបស់ CICA និង របស់អាស៊ាន។
ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់កិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា CICA គឺជាវេទិកាពិភាក្សានយោបាយមួយ ដ៏ល្អរវាងបណ្តាសមាជិកដោយផ្អែកលើការពិគ្រោះយោបល់ កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងមិនប្រឈមមុខដាក់គ្នា។ យើងគួរតែបន្តអភិវឌ្ឍផ្អែកលើអាណត្តិរបស់ស៊ីកា ដើម្បីដាក់ចេញ និងអនុវត្តវិធានការកសាងទំនុកចិត្តច្បាស់លាស់ថែមទៀត ដែលអាចរួមចំណែកដល់ការរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថេរភាព និងសំខាន់បំផុតគឺការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក ទេសរដ្ឋមន្រ្តីបានបន្តទៀតថា៖ «សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពគឺជាធាតុពីរ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន។ សន្តិភាព និងសន្តិសុខ នឹងជួបហានិភ័យប្រសិនបើគ្មានការអភិវឌ្ឍ ប្រកបដោយចីរភាព។ នេះគឺជាការពិតដោយផ្អែកលើបទពិសោធន៍ដែលប្រទេសខ្ញុំ បានឆ្លងកាត់បន្ទាប់ពីកិច្ជព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ ១៩៩១។ មានសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ កម្ពុជាសម្រេចបានកំណើន សេដ្ឌកិច្ចលើសពី៧% ក្នុងរយៈពេលជាងពីរទស្សវត្សកន្លងមកនេះ។ ដូចនេះយើងគួរសហការគ្នាបង្កើតការប្រឹងប្រែងរួម និងមានប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈម និងភាពខុសគ្នាដ៏ច្រើន ហើយឆ្លៀតប្រើប្រាស់នូវកលានុវត្តភាពទំាងឡាយ ដើម្បីកសាងសន្តិភាព»។
លោកបន្តទៀតថា៖ «កម្ពុជាសូមស្វាគមន៍ការបង្កើតទំនាក់ទំនងរវាងលេខាធិការដ្ឋាន CICA និងអាស៊ាន និងស្វាគមន៍សំណើរបស់ចិន ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលស៊ីកាលើកទី៥ ឆ្នាំ២០១៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស៊ីកាលើកទី៦ ឆ្នាំ២០២០»៕