(ភ្នំពេញ)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិក នៅត្រីមាសទីមួយក្នុងឆ្នាំ២០២២នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ត្រូវបានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា យកមកពិភាក្សាជាមួយ លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ក្នុងជំនួបប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ខណៈដែលមានការទទួលស្គាល់នូវការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន»។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពីបំណងចង់បញ្ចប់ដំណើរការវាយតម្លៃប្រទេសទីម័រឡេស្តេ ខាងមុខនេះ ដើម្បីឆាប់បានចូលជាសមាជិកគ្រួសារអាស៊ាន ដែលនេះគឺជាការងារអាទិភាពមួយ ក្នុងចំណោមអាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ក្នុងនាមកម្ពុជាធ្វើជាប្រធាន។ នេះជាការថ្លែង របស់លោក ប្រាក់ សុខុន ក្នុងឱកាសដែលក្រសួងការបរទេស រៀបចំកម្មវិធីផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជូនបណ្ដាអង្គទូត និងបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ការចូលជាសមាជិកអាស៊ាន របស់ទីម័រឡេស្តេ ត្រូវផ្អែកលើនីតិវិធី និងបែបបទនានា ដែលកំណត់ដោយធម្មនុញ្ញអាស៊ាន។ នីតិវិធី និងបែបបទកំណត់នោះ គឺការវាយតម្លៃអំពីលក្ខណៈត្រៀមជាស្រេចរបស់ប្រទេសមួយ ដែលត្រូវបានធ្វើតាមបេសកកម្មស្វែងរកការពិត (Fact Finding Mission) ដោយមាន ៣សសរស្តម្ភ រួមមាន នយោបាយ-សន្តិសុខ, សេដ្ឋកិច្ច និងវប្បធម៌។

ពេលធ្វើបទបង្ហាញក្នុងកម្មវិធីផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានបញ្ជាក់ថា «យើងយកចិត្តទុកដាក់ចំពោះសមាជិកភាព របស់ទីម័រឡេស្តេ នៅក្នុងអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការប្តេជ្ញាចិត្ត នៅក្នុងការពន្លឿនដំណើរការសមាជិកភាពរបស់ទីម័រឡេស្តេ របស់អាស៊ាន។ យើងសង្ឃឹមថា ដំណើរការចាំបាច់អាចនឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យទីម័រឡេស្តេ បានចូលរួមក្នុងគ្រួសារអាស៊ានផងដែរ»។

កម្ពុជាបាននាំមុខច្រើនជាងគេ នៅក្នុងការគាំទ្រប្រទេសទីម័រឡេស្តេ ឲ្យក្លាយជាសមាជិកអាស៊ាន។ ដើម្បីចូលជាសមាជិករបស់អាស៊ាន ទីម័រឡេស្តេ ក៏បានខិតខំដែរ តាមរយៈការដាក់ទូតពង្រឹងទំនាក់ទំនង នៅគ្រប់ប្រទេសសមាជិកអាស៊ាន បើទោះបីជាធនធានរបស់ប្រទេសនេះមានកម្រិតក៏ដោយ។

កន្លងមកបេសកកម្មស្វែងរកការពិតនៅទីម័រឡេស្តេ ស្តីពីសសរស្តម្ភ នយោបាយ-សន្តិសុខ ត្រូវបានធ្វើរួចហើយ នៅតែសសរស្តម្ភសេដ្ឋកិច្ច និងវប្បធម៌ប៉ុណ្ណោះ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩។

សូមជម្រាបថា អាស៊ាន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ គិតមកដល់ពេលនេះ រយៈពេល ៥៣ឆ្នាំកន្លងមកហើយ។ ប្រសិនបើទីម័រឡេស្តេ អាចជាសមាជិករបស់អាស៊ាន មែននោះទីម័រឡេស្តេ នឹងក្លាយទៅជាប្អូនទី១១ ដែលកំពុងមានសមាជិក ១០ប្រទេសមួយនេះ។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ឬទីម័រឡេស្តេ (Timor-Leste) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៉ី ដែលបានទទួលឯករាជ្យទាំងស្រុង ពីប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ប្រទេសនេះមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៉ីតែមួយប៉ុណ្ណោះ មានផ្ទៃក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី។

ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រឡេស្តេ បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១១ ស្របពេលដែលកម្ពុជាប្តេជ្ញាយ៉ាងមុតមោះ ដើម្បីគាំទ្រប្រទេសនេះ៕