(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រគល់អង្ករចំនួន៧តោន ដល់រដ្ឋបាលសង្កាត់ទាំង៧ (១សង្កាត់១តោន) ដើម្បីរក្សាទុកត្រៀមជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងមូលដ្ឋាន បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភពីក្រុមការងាររបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ប្រធានក្រុមប្រឹក្សា និងអភិបាលខណ្ឌឫស្សីកែវ ជុំនួសមុខឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រដ្ឋបាលសង្កាត់ទាំង៧ និងប្រជាពលរដ្ឋ ទូទាំងរដ្ឋបាលខណ្ឌ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានរៀបចំឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ចាត់ឱ្យក្រុមការងារយកអង្ករចំនួន៧តោន មកឧបត្ថម្ភដល់រដ្ឋបាលខណ្ឌ ដើម្បីឱ្យរដ្ឋបាលខណ្ឌបន្តឧបត្ថម្ភដល់រដ្ឋបាលសង្កាត់ទាំង៧ ក្នុងការរក្សាទុកត្រៀមជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ដោយមិនបានរើសអើង ពូជសាស វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ៕