(ភ្នំពេញ)៖ មន្ត្រីជាប់កិច្ចសន្យា ដែលបំរើការងារតាមការិយាល័យ ជាប្រជាការពារ និងភ្នាក់ងារអនាម័យ ចំនួន១១៩រូប នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នៃការចែករំលែកសុខទុក្ខ និងលើកទឹកចិត្តផងដែរ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ច ពីលោកអភិបាលខណ្ឌ ឯក ឃុនដឿន ក្រោមការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ សន សោភ័ណ្ឌ និងប្រធាន-អនុប្រធានការិយាល័យមួយចំនួនទៀត។

លោក ឯក ឃុនដឿន ស្ថិតក្នុងឱកាសនៃពិធីសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់មន្ត្រីជាប់កិច្ចសន្យានេះ បានឆ្លៀតផ្សព្វផ្សាយបន្ថែមទៀត ឱ្យយកចិត្តទុកដាក់លើភារកិច្ច ក្នុងការចូលរួមរាល់សកម្មភាពផ្សេងៗ ជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព សំដៅការងារបម្រើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ក្រៅពីការចូលរួមចលនារក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំនិង៣ការពារ» ដើម្បីទប់ស្កាត់ និងឈានទៅកាត់ផ្ដាច់ការចម្លងវីរូសកូវីដ១៩ ប្រភេទ អូមីក្រុង ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕