(កំពង់ចាម)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង៣០០នាក់ បានបន្តចុះពិនិត្យ និងព្យាបាល រួមជាមួយនិងការអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ កំពុងរៀនរស់តាមបែបគន្លងថ្មី ដែលជាវិធានការរបស់ក្រសួសសុខាភិបាល «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ការពិនិត្យព្យាបាល និងការអប់រំជូនប្រជាពលរដ្ឋពីវិធីបង្ការជំងឺកូវីដ១៩ ធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការចូលរួមពីលោក ថោង បូរ៉ាន់ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុងកងតានឹង, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស, លោក ហ៊ូ តាំងអ៊េង រដ្ឋលេខាធិការក្រសួងផែនការ, មន្ទីរសុខាភិបាលខេត្តកំពង់ចាម, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធជាច្រើនរូបទៀត។

លោក លេង ផាលី បានឲ្យដឹងថា ការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស…។ល។

លោកបន្ថែមថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងខេត្តកំពង់ចាមនេះ មានចំនួន០៧លើកហើយ ដោយបានពិនិត្យនិងព្យាបាលអ្នកជំងឺសរុបចំនួន៣៣,២១៤នាក់(បីម៉ឺនបីពាន់ពីររយដប់បួននាក់) ក្នុងនោះស្រ្តីមានចំនួន២២,៥៦៦នាក់ (ពីរម៉ឺនពីរពាន់ប្រាំរយហុកសិបប្រាំនាក់) និងបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣៥៩លើក ក្នុងនោះព្យាបាលជូនប្រជាពលបានចំនួន៣,៥៩៦,២៥០នាក់ (បីលានហាសិបប្រាំបួនម៉ឺនប្រាំមួយពាន់ពីររយហាសិបនាក់) ក្នុងនោះស្ត្រីមានចំនួន ១,៩៣៤,១២០នាក់ (មួយលានកៅសិបបីម៉ឺនបួនពាន់មួយរយម្ភៃនាក់)។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រៀបបានទៅនឹងមន្ទីរពេទ្យចល័តមួយនៅទូទាំងប្រទេស ដោយសារតែមានធនធានមនុស្សដ៏សម្បូរបែបក្នុងនោះមានគ្រូពេទ្យទាំងក្នុង និងក្រៅប្រទេសមានបទពិសោធច្រើនឆ្នាំ មានជំនាញច្បាស់លាស់ ថ្នាំពេទ្យមានគុណភាពខ្ពស់ រួមជាមួយនឹងរបៀបរបបនៃការងារ ដែលមានទឹកចិត្តប្រកបដោយស្មារតីខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងខេត្តកំពង់ចាម ដោយមិនខ្លាចពីភាពនឿយហត់ ដោយហេតុផលចង់ឃើញប្រជាពលរដ្ឋមានសុខភាពល្អ និងយល់កាន់តែច្បាស់ពីការប្រឈមនៃជំងឺកូវីដ១៩។

អភិបាលខេត្តរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហ៊ុន ម៉ានី ដែលបានបញ្ចូនការក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តរបស់លោក ដោយឥតគិតថ្លៃ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ៨៦នាក់, ជំងឺស្ត្រូចំនួន៖៩២នាក់, ជំងឺផ្លូវចិត្តចំនួន៖៦៧នាក់,ជំងឺឬសដូងបាតចំនួន៖៧៣នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ៨១នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៦៨នាក់, ជំងឺទឹកនោមផ្អែមចំនួន៖ ១០៩នាក់, អេកូសាស្ត្រចំនួន៖២០១នាក់, ជំងឺបេះដូងចំនួន៖៦៤នាក់, ជំងឺត្រចៀក និងបំពង់ក៖ ៤៥នាក់, ជំងឺវះកាត់តូចចំនួន៖៤៨នាក់, វិភាគឈាម៖១៨១នាក់, ជំងឺទូទៅចំនួន៖៦៩៤នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៦៩នាក់ សង្គ្រោះបឋមចំនួន៖១៨នាក់។

លោក ថោង បូរ៉ាន់ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំយុវជន និងកីឡា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ជាមួយនឹងឆន្ទៈប្រកបដោយទឹកចិត្តសប្បុរសធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ និងព្យាបាលជូនអ្នកជំងឺដោយឥតគិតថ្លៃ នៅតាមបណ្តាក្រុង និងខេត្ត ទោះនៅតាមតំបន់ដាច់ស្រយ៉ាលក្តី។

លោកក៏បានវាយតម្លៃខ្ពស់ ទៅលើការពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យដោយសុទ្ធសឹងតែវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ បូករួមនឹងឧបករណ៍ ក៏ដូចជាសម្ភារៈពិនិត្យអ្នកជំងឺប្រកបដោយអនាម័យ និងឧបករណ៍ទំនើបៗ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តក្នុងការព្យាបាល។

សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ១២៥៨នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាម របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង១១ រាជធានី-ខេត្ត រួមមាន៖ ខេត្តព្រះសីហនុ ខេត្តពោធិសាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ដោយចាក់វ៉ាក់សាំងបានចំនួន ៣,០៤៣,៦៩៧ដូស (បីលានបួនម៉ឺនបីពាន់ប្រាំមួយរយកៅសិបប្រាំពីរដូស)។

លើសពីនេះទៅទៀត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ចំនួន ៣៧៦នាក់ កំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋដោយមិនថវិកាបេសកកម្មនោះទេ៕