(ភ្នំពេញ)៖ មណ្ឌលសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ដែលមានចំនួន១១អគារ នឹងត្រូវសាងសង់នៅលើផ្ទៃដីជាង៧ហិចតា ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលប្រើប្រាស់រយៈពេលមួយឆ្នាំ។ មណ្ឌលព្យាបាលអ្នកកើតជំងឺកូវីដ១៩នេះ ត្រូវបានដាក់ឈ្មោះថា «តេជោសន្ដិភាពរាជធានីភ្នំពេញ»

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្ដើមដំណើរការសាងសង់ ក្រោមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ ឲ្យបានឆាប់រហ័សដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ចូលក្នុងសហគមន៍ដោយបានបំប្លែងខ្លួនជាអូមីក្រុង និងមានការឆ្លងលឿនទៀតផង។

ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ នាពេលនេះ បានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ដែលមិនដឹងថានឹងបញ្ចប់នៅពេលណា ដូច្នេះប្រជាពលរដ្ឋត្រូវរៀនរស់នៅ តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ១៩ នេះក៏ជាសមិទ្ធផលថ្មី ដែលនឹងកើតចេញជារូបរាង ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕