(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេស ចំនួន៦ ក្នុងចំណោមសមាជិកអាស៊ានទាំង១០ នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ ដើម្បីចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងសប្តាហ៍នេះ។ នេះបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
អ្នកនាំពាក្យរូបនេះ បានអះអាង ក្នុងចំំណោម១០ប្រទេស មាន៦ប្រទេស នឹងចូលរួមប្រជុំផ្ទាល់ជាមួយកម្ពុជា។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ បានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ ដោយសារតែមានធរុមិនអាចមកផ្ទាល់បាន ហើយសម្រាប់មីយ៉ាន់ម៉ាវិញ គឺមិនមានការឆ្លើយតបនោះទេ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ត្រូវបានក្រសួងការបរទេសប្រកាសថា នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលនឹងដឹកនាំកិច្ចប្រជុំ នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) និង រដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៉ីត នឹងមកដល់ប្រទេសកម្ពុជា មុ នគេ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈរដ្ឋមន្រ្តីការបរទេសសមាជិកអាស៊ានចំនួន៤ផ្សេងទៀត ត្រូវបានរំពឹងថា នឹងមកដល់កម្ពុជានាពេលរសៀល៕