(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យការងារនៅ មជ្ឈមណ្ឌលជាតិផ្ដល់សេវាព្យាបាលស្ដារនីតិសម្បទាគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានប្រសិទ្ធភាពខ្ពស់ ដើម្បីក្លាយជាគំរូដល់មជ្ឈមណ្ឌលដទៃ។

ការលើកឡើងបែបនេះរបស់ លោក វង សូត ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការអញ្ជេីញចូលរួមពីអ្នកពាក់ព័ន្ធជាថ្នាក់ដឹកនាំ និងថ្នាក់ជំនាញ ពីក្រសួង ស្ថាប័ន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ។

លោក ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា ក្រោយទទួលបានសេចក្តីជូនដំណឹងពី ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណកម្មការរៀបចំពិធីសម្ពោធ បានរៀបចំការងារប្រុងប្រៀបរៀបជេីងការរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលជាតិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ខាងមុខ ដោយបែកចែកជាបួនក្រុមការងារ រួមមាន៖ ក្រុមការងារឯកសារ ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភបាល និងក្រុមការងារហិរញ្ញវត្ថុ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិដែលកេីតឡេីងពីការផ្តួចផ្តេីមរបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីព្យាបាលស្តារនីតិសម្បទាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណេះជំនាញដល់ជនរងគ្រោះ ដោយសារធាតុញៀន បានសាងសង់រួចហេីយ ក្នុងទំហំទឹកប្រាក់ប្រមាណ៧លានដុល្លារ។

លោក វង សូត ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាថ្នាក់ដឹកនាំក្នុងប្រទេស និងប្រទេសជាមិត្តមានប្រទេសថៃ វៀតណាម ដែលបានចូលរួមជួយធ្វេីឲ្យមជ្ឈមណ្ឌលជាតិដែលជាគំនិតផ្តួចផ្តេីមរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាក្តីសង្ឃឹមរបស់មាតា បិតា និងអាណាព្យាបាលដែលមានបុត្រធីតាធ្លាក់ ចូលទៅក្នុងអន្ទាក់ នៃគ្រឿងញៀន ត្រូវបានលេចចេញជារូបរាង និងសូមឲ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាសហការគ្នាធ្វេីយ៉ាងណាឲ្យការងារនៅមជ្ឈមណ្ឌលជាតិ មានប្រសិទ្ធភាពដេីម្បីជាគំរូសម្រាប់មជ្ឈមណ្ឌលដទៃទៀត៕