(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានថ្លែងថា សាកលវិទ្យាល័យនេះ ដើមឡើយមានឈ្មោះថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិជ្ជា (CUP) ដែលកកើតឡើងនៅឆ្នាំ២០០២ និងនៅឆ្នាំ២០១៨ ក៏បានផ្លាស់ប្ដូរឈ្មោះជាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបច្ចុប្បន្ននេះមានចំនួន ៤សាខា ទូទាំងប្រទេសកម្ពុជា។

នាឱកាសនោះ លោក សុខ លូ បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៧៩ ពោលគឺក្រោយរបបកម្ពុជាប្រជាធិបតេយ្យ អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក៏ប៉ុន្តែ ដោយសារតែនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកែប្រែប្រទេសកម្ពុជាឲ្យក្លាយជាប្រទេស ដែលមានសុខសន្ដិភាពពេញលេញ បានបង្កើតឱកាសដល់វិស័យឯកជននានា មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យអប់រំ ដែលជាវិស័យមួយកំពុងតែរីកដុះដាលដូចផ្សិត ហើយវិស័យអប់រំនេះបានបណ្ដុះបណ្ដាលធនធនមនុស្សពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការកើនឡើងជាលំដាប់។

ក្នុងនោះលោក សុខ លូ ក៏បានធ្វើការក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ បូករួមទាំងផ្នែកសំណង់អាណាធិបតេយ្យ ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋត្រូវតែអនុវត្ត ដើម្បីផលប្រយោជន៍ខេត្ត និងសណ្ដាប់ធ្នាប់ក្នុងខេត្តឲ្យមានរបៀបរៀបរយ គ្មានសំរាម។

លោកអភិបាលខេត្តបាត់ដំបង បានសំណូមពរឲ្យប្រជាពលរដ្ឋ បន្តចូលរួមគោរពច្បាប់ចរាចរណ៍ ស្រវឹងកុំបើកបរ ពាក់មួកសុវត្ថិភាព កុំបើកបរក្នុងស្ថានភាពងងុយជាដើម ដើម្បីលុបបំបាត់នៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែកាត់បន្ថយជាងមុន និងឈានទៅរកការឈប់ទាំងស្រុងនូវការស្លាប់ដោសារគ្រោះថ្នាក់ចរាចរណ៍។

លោកក៏បានបន្តជំរុញ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិត ក៏ដូចជាប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំង ដូសទី៣ ឱ្យបានគ្រប់ៗគ្នា៕