(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានប្រគល់ផ្ទះចំនួន១៣៩ខ្នង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែអគ្គិភ័យឆេះផ្ទះ ចំនួន១៣ខេត្ត ក្នុងប្រទេសកម្ពុជា ដែលជាជំនួយរបស់សមាគមប្រភពល្អកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការបក្សខេត្តត្បូងឃ្មុំ, លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍជនបទ និងជាប្រធានក្រុមការងារចុះជួយឃុំគរ, សមាជិកក្រុមប្រឹក្សាខេត្ត លោក តហើរ អូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា, សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីប្រធានក្រុមប្រឹក្សាឃុំគរ និងប្រជាពលរដ្ឋក្នុងឃុំចំនួន ២០០គ្រួសារផងដែរ។

ឆ្លៀតឱកាសនោះដែរ លោកក៏បានសម្ពោធសមិទ្ធផលនានានៅក្នុងឃុំគរ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ លោក ឆាយ វណ្ណា បានថ្លែងអំណរគុណចំពោះសមាគមប្រភពល្អកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយកសាងសមិទ្ធផល និងបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើន និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ពេលវេលា ព្រមទាំងរំលឹកប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីរក្សា និងការពារបាននូវសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍ និង
រីកចម្រើនថែមទៀត។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីសុខុមាលភាពរបស់ប្រជាជន និងប្រទេសជាតិ។ បន្ទាប់មកក្រុមការងារក៏បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួល បានអង្ករចំនួន៥០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ និងប្រេងឆា២ដប។

ជាមួយគ្នានេះដែរ លោកលោក តហើរ អូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា ក៏បានថ្លែងពីគុណបំណាច់ដ៏ធំធេងនៃសន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ មានសន្តិភាពទើបប្រទេសជាតិមានការរីកចម្រើន ហើយសមាគមប្រភពល្អក៏មានឱកាសក្នុងការចូលរួមជួយដល់វិស័យមនុស្សធម៌, សប្បយរសធម៌ និងបណ្ដុះបណ្ដាលធនធានមនុស្សឱ្យរីកចម្រើនច្រើនឡើងៗផងដែរ។

គួរជម្រាបថា ផ្ទះទាំង១៣៩ខ្នង ដែលត្រូវបានសម្ភោធប្រគល់ជូនប្រជាពលរដ្ឋខ្មែរមូស្លីមក្រីក្រ មាននៅតាមបណ្ដាខេត្តផ្សេងគ្នារួមមាន៖ ខេត្តតាកែវចំនួន៨ខ្នង, ខេត្តកែប ១ខ្នង, ខេត្តកំពត ៣៣ខ្នង, ខេត្តព្រះសីហនុ ១៣ខ្នង, ខេត្តកោះកុង ៦ខ្នង, ខេត្តត្បូងឃ្មុំ ៤៥ខ្នង, ខេត្តក្រចេះ ១៣ខ្នង, ខេត្តស្ទឹងត្រែង ៣ខ្នង, ខេត្តរតនគិរី ១ខ្នង, ខេត្តកំពង់ឆ្នាំង ១៤ខ្នង, ខេត្តពោធិ៍សាត់ ២ខ្នង, ខេត្តបាត់ដំបង ៣ខ្នង៕