(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុករំដួល ខេត្តស្វាយរៀង បានឃាត់ខ្លួនគ្រូពេទ្យឯកជនម្នាក់ មកសាកសួរលើករណីចាក់ថ្នាំបណ្តាលឱ្យក្មេងប្រុសម្នាក់ ប្រកាច់ខាំអណ្ដាតបែកពពុះមាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
គ្រូពេទ្យឯកជនដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ វ៉ាត់ ចន្ថន អាយុ៣៦ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះឈ្មោះ ជៀក ណាដេត អាយុ៧ឆ្នាំ ភេទប្រុស ជាសិស្សរស់នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។
លោកវេជ្ជបណ្ឌិត ជា សោភ័ណ្ឌ ប្រធានប្រតិបត្តិស្រុកស្រុកស្វាយទាប និងស្រុករំដួល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀងឱ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រូពេទ្យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុករំដួលធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២៖៣៥នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល បន្ទាប់ពីបានចាក់ថ្នាំដល់ក្មេងប្រុសម្នាក់បណ្ដាលឱ្យស្លាប់។
លោកវេជ្ជបណ្ឌិត បានបន្តថា គ្រូពេទ្យឯកជននេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរសុខាភិបាលខេត្តក្នុងការបើកបន្ទប់ថែទាំ និងព្យាបាលដែលផុតកំណត់នៅឆ្នាំ២០២៣ ហើយកុមាររងគ្រោះនេះ មានអាការក្តៅខ្លួន ត្រូវបានគ្រូពេទ្យឯកជនប្រើប្រាស់ថ្នាំចាក់ប្រភេទប៉ារ៉ាសេតាមុ៉ល និងអំពីស៊ីលីន សង្ស័យប្រតិកម្មថ្នាំ ទើបបណ្ដាលឱ្យក្មេងប្រុសនេះស្លាប់តែម្ដង។
បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល ខណៈដែលបុរសជាគ្រូពេទ្យឯកជនខាងលើបានដកម្ជុលចាក់ រួចស្រាប់តែក្មេងរងគ្រោះមានសភាពប្រកាច់ខាំអណ្ដាតបែកពពុះមាត់ បណ្ដាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕