(តាកែវ)៖ ក្នុងដំណើរតាមផ្លូវរថភ្លើង នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ ក្រោយពីទទួលស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅម៉ោងប្រមាណជា១០ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ពេលទៅដល់ចំណតស្ថានីយរថភ្លើង ស្ថិតក្នុងខេត្តកែវ ហើយសម្តេចបានចុះពីទូររថភ្លើង ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរយនាក់នៅទីនោះ។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ ​Fresh News បានឲ្យដឹងថា ក្នុងការចុះជួបសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន
ជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្ថានីយរថភ្លើងខេត្តតាកែវនេះ គេឃើញប្រជាពលរដ្ឋនាំគ្នា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយនឹងស្នាមញញឹម និងរួសរាយរាក់ទាក់។

សូមជម្រាបថា នៅម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមេសានេះ សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលជាច្រើនរូប ព្រមជាមួយនឹងប្រជាពលរដ្ឋផងដែរ បានធ្វើដំណើរតាមរថភ្លើង ចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តតាកែវ និងកំពត មុននឹងដល់ខេត្តព្រះសីហនុ។

នៅថ្ងៃទី១ ខែឧសភាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីពលកម្មអន្តរជាតិ ១ឧសភា ដែលរៀបចំឡើងនៅ កំពុងផែក្រុងព្រះសីហនុផងដែរ៕