(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថាកម្ពុជា បានណែនាំដល់ស្ថានទូត ខ្មែរនៅប្រទេសឥណ្ឌូនេស៊ី ឱ្យអន្តរាគមន៍ ជួយដល់ពលករខ្មែរ៥៤នាក់ ដែលអាជ្ញាធរឥណ្ឌូនេស៊ី ឃាត់ខ្លួនតាមទូកនេសាទខុសច្បាប់ របស់ថៃនាថ្មីៗនេះ។
ពលករខ្មែរ៥៤នាក់នោះ ស្ថិតនៅក្នុងចំណោមពលករបរទេសជាង១០០នាក់ ដែលត្រូវបានឃាត់ខ្លួនលើទូកនេសាទថៃ នៅពេលឆ្លងចូល ដែនសមុទ្រប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះពួកគេកំពុងស្ថិតនៅលើកោះ ប៉ុនតាណាក់ ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់ពី មន្រ្តីដដែល។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ មន្រ្តីស្ថានទូកកម្ពុជាបាន ជួបនឹងពួកគេហើយ។ លោកថា នៅទីនោះ អាជ្ញាធរឥណ្ឌូនេស៊ី មិនបានចាត់ទុកពលករខ្មែរទាំងនោះជាអ្នកទោសនោះទេ ប៉ុន្តែឥណ្ឌូនេស៊ី ចាត់ទុកពលករខ្មែរជាអ្នករងគ្រោះ ដែលចាញ់បោកថៅកែថៃ ហើយពួកគេមានសុវត្ថិភាព និងសុខភាពធម្មតា។
លោក ជុំ សុន្ទរី បានបន្ថែមថា ពេលនេះមន្រ្តីស្ថានទូតកម្ពុជា កំពុងសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ដើម្បីរៀបចំឱ្យពលករខ្មែរទាំង ៥៤នាក់ បានត្រឡប់មកកម្ពុជាវិញ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវកុំឱ្យពលករខ្មែរ និងប្រជាពលរដ្ឋដទៃទៀត មានការព្រួយបារម្ភ៕