(ភ្នំពេញ)៖ ក្រុមហ៊ុន SCG ជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍លទ្ធផលប្រតិបត្តិការរបស់ខ្លួន សម្រាប់ត្រីមាសទី១នៃឆ្នាំ២០១៦ នេះថា ក្រុមហ៊ុនរកចំណូលកើនឡើងរហូតដល់ទៅ២៣% បើធៀបនឹងឆ្នាំ២០១៥ ដោយសារអាជីវកម្មសារធាតុគីមីហក់ឡើងខ្ពស់។
ក្រុមហ៊ុនបានលើកឡើងថា ក្នុងកាលបរិច្ឆេទនេះ ចំណូលពីការលក់ផលិតផល និងសេវាមានគុណតម្លៃខ្ពស់ (HVA) ក៏បានកើនឡើង ៣៩% ផងដែរ ហើយខ្លួនមានការប្តេជ្ញាចិត្តបន្តជំរុញការវិនិយោគ ក្នុងតំបន់អាស៊ានដូចមុន។
លោក Roongrote Rangsiyopash អគ្គនាយកក្រុមហ៊ុន SCG បានឲ្យដឹងថា «ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ ប្រាក់ចំណូលពីការលក់របស់ SCG ដែលទទួលបានពីផលិតផល និងសេវាកម្មមានគុណតម្លៃខ្ពស់ (HVA) គឺស្មើនឹង ៤.៧៤៩ ពាន់លានរៀល (ឬ ១.១៨៥ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ៣% ធៀបនឹងឆ្នាំមុន និងស្មើនឹង ៣៩% នៃចំណូលពីការលក់សរុប»។
លោកបន្ថែមថា ក្នុងនោះ SCG បានបណ្តាក់ទុនបន្ថែមជាង ១០១ពាន់លានរៀល (២៥លានដុល្លារអាមេរិក) ក្នុងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ឬស្មើនឹង ០.៨% នៃចំណូលពីការលក់សរុប ។ សម្រាប់ឆ្នាំ២០១៦ ក្រុមហ៊ុន បានបម្រុងថវិកាសម្រាប់ការវិនិយោគក្នុងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ស្មើនឹង ១% នៃចំណូលពីការលក់សរុប។
លោកបន្ថែមទៀតថា សម្រាប់តំបន់អាស៊ាន កំណើនសេដ្ឋកិច្ចបន្តឈានឡើងក្នុងល្បឿនមួយថេរ ហើយផែនការវិនិយោគរបស់ SCG ក៏បន្តទៅមុខតាមការគ្រោងទុកផងដែរ ដោយរោងចក្រផលិតស៊ីម៉ង់ត៍ នៅឥណ្ឌូនេស៊ីនិងកម្ពុជា បានចាប់ផ្តើមប្រតិបត្ដិការហើយនៅពេលនេះ។ ទន្ទឹមនឹងនេះដែរ រោងចក្រស៊ីម៉ងត៍នៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្ដិការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ និងនៅពាក់កណ្តាលឆ្នាំ២០១៧ រៀងគ្នា។ ការវិនិយោគទាំងនេះ មានសារសំខាន់ក្នុងការគាំទ្រ ដល់កំណើនអាជីវកម្មរបស់SCG នៅក្នុងតំបន់អាស៊ាន។
គួរបញ្ជក់ថា ក្រុមហ៊ុននឹងបន្តពង្រីកការវិនិយោគក្នុងតំបន់របស់ខ្លួន ដោយផ្តោតលើការបង្កើតភាពជាដៃគូជាមួយភាគីធំៗ នៅក្នុងវិស័យផ្សេងៗ សំដៅស្វែងរកការអភិវឌ្ឍ និងការរីកលូតលាស់ជាមួយគ្នាផងដែរ៕