(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជារយៈពេលពីរឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយដោយអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

នាវានេះដឹកមនុស្សសរុបជាង ២,០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកមេរោគ Covid19។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែតែអនុញ្ញាតឲ្យនាវា Westerdam ចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។

កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ។

ព្រឹត្តិការណ៍នៃការអនុញ្ញាតឱ្យនាវា Westerdam ចូលចតបានធ្វើឱ្យកម្ពុជាល្បីសាយសុសលើពិភពលោកថា ជាជាតិសាសន៍មានទឹកចិត្តពោរពេញដោយមេត្តាធម៌ និងសប្បុរសធម៌យ៉ាងធំធេង៕