(ភ្នំពេញ)៖ លោក សាលើមសៃ គុំម៉ាស៉ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៉ីត នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោករដ្ឋមន្រ្តីការបរទេស នឹងអញ្ជើញចូលជួបសម្តែងការ គួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងក្តីបារម្ភរួម។

ដំណើរទស្សនកិច្ចរបស់លោក សាលើមសៃ គុំម៉ាស៉ីត មកកាន់កម្ពុជា នឹងបន្តជំរុញ និងធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ចំណងមិត្តភាព ជាប្រពៃណី និងភាពជាបងប្អូន រវាងកម្ពុជានិងឡាវ ឈានទៅរកការលើកកម្ពស់ថ្មីមួយ ដើម្បីផល ប្រយោជន៍ទៅវិញ ទៅមក នៃប្រទេសទាំងពីរ៕