(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ស្របតាមវិធានសុខាភិបាល និងដើម្បីធានារក្សាបាននូវទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ស្របតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវានៃក្តីស្រលាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១៖ ហាមធ្វើសកម្មភាពជួបជុំប្រមូលផ្តុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារី តាមគ្រប់រូបភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលអាចបង្កហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។

២៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា «ទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ» ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបរវាងគូសង្សារ និងដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសីលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និងសង្គមជាតិទាំងមូល។

៣៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះត្រួតពិនិត្យ តាមដាន ឃ្លាំមើល និងចាត់វិធានការជាបន្ទាន់ ចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយណា ដែលអាចកើតមានក្នុងឱកាសទិវានៃក្តីស្រលាញ់នេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យនាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សិស្ស-និស្សិត យុវជន-យុវនារី មាតាបិតា អាណាព្យាបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕