(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើនៅក្នុងបរិវេណវិទ្យាល័យកងតាណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា កន្លងទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ធ្លាប់បានចុះពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ និងស្រុកកំពង់សៀម ។
ប៉ុន្តែក្រោយពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ កម្មវិធីព្យាបាលជំងឺនេះត្រូវបានលើកពេល រហូតមកដល់បច្ចុប្បន្ននេះ ដោយសារមានការធូរស្រាលពីជំងឺកូវីដ១៩ ទើបកម្មវិធីនេះចាប់ដំណើរការជាថ្មីដោយផ្ដើមចេញពីស្រុកកងមាសនេះតែម្ដង ដោយមានក្រុមគ្រូពេទ្យប្រមាណជា ៥០០នាក់ នៅបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានសម្ដែងនូវការអរគុណជាអនេក ចំពោះថ្នាក់ដឹកនាំនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ដឹកនាំដោយលោក ឡេង ផល្លី ដែលបានខិតខំប្រឹងប្រែងរៀបចំនូវផែនការយ៉ាងលំអិត ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលនេះ ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានពិនិត្យ និងព្យាបាលជំងឺរួច គោរពទៅតាមវេជ្ជបញ្ជា ណែនាំរបស់គ្រូពេទ្យឲ្យបានហ្មត់ចត់ ក្នុងការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ ដើម្បីឲ្យជំងឺរបស់បងប្អូនបានជាសះស្បើយឆាប់រហ័ស ។

លោកអភិបាលខេត្តបានបញ្ជាក់ថា កម្មវិធីព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមានផែនការ បន្តកម្មវិធីនេះទៅស្រុកជើងព្រៃម្ដងទៀត និងស្រុកស្រីសន្ធរ ក្នុងខែមិនា ខាងមុខនេះ និង ស្រុកចំការលើចុងក្រោយ ក្នុងខែឧសភា៕