(ស្វាយរៀង)៖ លោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានថ្លែងថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ការថ្លែងបែបនេះរបស់លោក សរ សុដានី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាថ្មី ក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយតឿ។

លោកបានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។ ក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវចេះពិចារណាឲ្យបានច្បាស់លាស់ រាល់ព័ត៌មានបំភ្លៃរបស់ជនអគតិ មួយចំនួនដែលមានចេតនា ចង់បំភ្លៃ បំភ្លេច បំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេស សមិទ្ធិផលស្នាដៃរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។

លោកក៏បានជំរុញលើកទឹកចិត្តដល់យុវជនដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ជឿជាក់និងគោរពស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមថែរក្សាសមិទ្ធិផលនានា ដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងកសាងដើម្បីជំរុញខឿន សេដ្ឋកិច្ចប្រទេសកម្ពុជាជាពិសេសនៅក្រុងស្វាយរៀង ក្នុងសង្កាត់ស្វាយតឿនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងស្វាយរៀង បានផ្ដល់ទីផ្សារការងារជាច្រើនដល់ប្រជាពលរដ្ឋមិនចាំបាច់ចំណាកស្រុកនោះទេ។

បន្ថែមលើសពីនេះលោក សរ សុដានី បានស្នើរដល់យុវជន ដែលជាសមាជិកបក្សថ្មី គាំទ្រប្ដូរផ្ដាច់ជំរុញ និងកៀរគរ សមាជិក សមាជិការបក្សផ្សេងឲ្យងាកមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី៕