(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បាននឹងធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅពេលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ។ លុះដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងនៅកំពង់ផែ ក្រុងព្រះសីហនុ។
សូមជំរាបថា ខ្សែរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ព្រះសីហនុ ចាប់ផ្តើមដំណើរការសាកល្បងឡើងវិញ នៅថ្ងៃទី៩ ខែមេសា-១៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីខកខាន មិនបានដំណើរការជាង៣០ឆ្នាំ។
ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Royal Railway ដើម្បីដាក់ឲ្យដំណើការរថភ្លើងដឹកអ្នកដំណើរនេះ ក្រសួង និងក្រុមហ៊ុនសម្រេចថា រថភ្លើងដឹកអ្នកដំណើរនេះ ត្រូវរត់រយៈពេល៣ថ្ងៃក្នុង ១សប្តាហ៍ គឺនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចេញដំណើររៀងរាល់ម៉ោង ៧៖០០នាទីព្រឹក។
សូមបញ្ជាក់ថា ផ្លូវរថភ្លើង ភ្នំពេញ-ព្រះសីហនុ ត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម របស់ព្រះមហាវីរក្សត្រ ហើយត្រូវផ្អាកដំណើរការនៅរយៈពេល៣០ឆ្នាំចុងក្រោយនេះ៕