(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងថា ភាពជោគជ័យក្នុងជីវិត និងភាពជោគជ័យរបស់ប្រទេសជាតិ គឺបានមកពីការចូលរួមរបស់គ្រូបង្រៀន ដែលជាស្ថាបនិកនៃក្តីសង្ឃឹម និងអនាគត សម្រាប់សង្គមជាតិយើង។

លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនាមលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងថ្លែងអំណរដល់លោកគ្រូ-អ្នកគ្រូទូទាំងក្រុងបាវិតសរុបចំនួន ៣៦៣ នាក់មកពីសាលាចំនួន ២១ និងការិយាល័យអប់រំ យុវជន និងកីឡា ក្រុងបាវិត។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះការលះបង់ចេញពីបេះដូងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាល និងបង្រៀនដល់សិស្សានុសិស្សដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីឱ្យយើងទាំងអស់ក្លាយជាមនុស្សល្អ បងប្អូនល្អ ប្តីប្រពន្ធល្អ និងប្រជាពលរដ្ឋល្អ។ លោកបានបន្តទៀតថា ការលះបង់របស់លោកគ្រូ-អ្នកគ្រូ ពិតជាមានភាពវិសេសក្រៃលែងសម្រាប់យើងទាំងអស់គ្នា មានតម្លៃមហិមា មានសារៈសំខាន់ និងមានឥទ្ធិពលទៅលើជីវិតមនុស្សគ្រប់គ្នា។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងដ៏រឹងមាំ និងជាត្រីវិស័យដែលបានបង្ហាញផ្លូវយើងទៅកាន់ការចង់ដឹង ការចង់លឺ ផ្តល់ចំណេះដឹង និងមានប្រាជ្ញាវាងវៃ ព្រមទាំងជាផ្លូវបង្ហាញទិស ទៀនបំភ្លឺផ្លូវ ផ្តល់មិត្តភាព វិន័យ និងសេចក្តីស្រលាញ់ ដល់មនុស្សគ្រប់គ្នា។ លោកគ្រូ-អ្នកគ្រូ គឺជាអ្នកជំរុញទឹកចិត្ត និងជាអ្នកផ្លាស់ប្តូរជីវិតរបស់យើង ហើយភាពជោគជ័យក្នុងជីវិត និងភាពជោគជ័យរបស់ប្រទេសជាតិរបស់យើង គឺបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ដែលជាស្ថាបនិកនៃក្តីសង្ឍឹម និងអនាគត សម្រាប់សង្គមជាតិមាតុភូមិរបស់យើង។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា «យើងទាំងអស់គ្នា ពឹងលើការគាំទ្រ និងភាពស្មោះត្រង់របស់លោកគ្រូ-អ្នកគ្រូ ហើយយើងពិតជាជាប់ជំពាក់គុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ ពេញមួយជីវិត និងចងចាំក្នុងក្រអៅបេះដូងរបស់យើងពេញមួយជីវិត»

ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី បានប្រគល់នូវប័ណ្ណថ្លែងអំណរជូនដល់លោកគ្រូ អ្នកគ្រូទាំង ៣៦៣នាក់ ព្រមទាំងបាននាំយកមកនូវកាបូបមួយ និងថវិកាចំនួន ៥ម៉ឺនរៀលក្នុងម្នាក់៕