(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី៣ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២១៦នាក់ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនៃអង្គពិធី លោក នួន ផារ័ត្ន បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សមាជិកបក្សទាំង ២១៦រូប ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។

បន្ថែមពីនេះ លោក នួន ផារ័ត្ន ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ជាមួយគ្នានេះ លោកបានបន្ថែមថា, គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ, បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬ ដូសទី៣ ជិតគ្រប់តាមផែនការកំណត់ និងកំពុងចាក់ដូសទី៤ បន្តទៀត ដើម្បីកាត់បន្ថយការឆ្លង និងការឈឺធ្ងន់ និងធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

លោក សាំង ស៉ីណា អតីតចៅសង្កាត់ស្ទឹងមានជ័យទី៣ របស់អតីតគណបក្សសង្រ្គោះជាតិ ដែលពេលនេះ បានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី៣ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ឆ្នាំ២០២២ បានលើកឡើងអំពីប្រវត្តិដ៏ជូរចត់ និងការបោកប្រាស់ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើមកលើរូបលោក និងសហការី រហូតដល់មានសមាជិកក្រុមការងារលោកខ្លះបានជាប់ពន្ធនាគារ ហើយមិនទទួលបានការយកចិត្តទុកដាក់សូម្បីបន្តិច និងបោះបង់សមាជិកបក្សចោល ចំណែកខ្លួននិងក្រុមខ្លួនបែរជាសំងំរកសេចក្តីសុខតែខ្លួនឯង នៅបរទេសទៅវិញ។

ទន្ទឹមនេះ លោក សាំង ស៉ីណា ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ កុំជឿតាមពាក្យបោកប្រាស់ របស់គណបក្សប្រឆាំងឲ្យសោះ ហើយការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិ ពីពេលនេះនិងទៅថ្ងៃអនាគត៕