Update: មនុស្សទាំង១៣នាក់ ជិះលើឧទ្ធម្ភាគចក្រដែលធ្លាក់ នៅប្រទេស ណ័រវេស ត្រូវបានសន្មត់ថាស្លាប់
30-04-2016 00:59
(ណ័រវេស)៖ សារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែមេសានេះបានឲ្យដឹងថា មនុស្សទាំង១៣នាក់ ជិះនៅលើឧទ្ធម្ភាគចក្រ១គ្រឿង ដែលបានធ្លាក់នៅភាគខាងលិច ឈូងសមុទ្រ នៃប្រទេសណ័រវេស នាថ្ងៃសុក្រនេះ ត្រូវបានគេសន្មត់ថា បានស្លាប់ហើយ។
មន្ត្រីប៉ូលិសប្រតិបត្តិការ សម្របសម្រួលក្នុងតំបន់បានឲ្យដឹងថា «អ្នកជិះនៅលើឧទ្ធម្ភាគចក្រនោះ ត្រូវបានគេសន្មត់ថា បានស្លាប់ហើយ»។
ឧទ្ធម្ភាគចក្រប្រភេទ Super Puma បានធ្លាក់នៅវេលា ពាក់កណ្តាលថ្ងៃត្រង់ នាតំបន់ប្រជុំកោះនៃឈូងសមុទ្រទីក្រុង Bergen ជាទីក្រុងធំជាងគេទី២ របស់ណ័រវេស ផ្ទុកដោយជនជាតិ ណ័រវេសចំនួន១១នាក់, អ៊ីតាលីម្នាក់ និងម្នាក់ទៀតជាជនជាតិអង់គ្លេស។ ឧទ្ធម្ភាគចក្រ បានបាក់ជាបំណែកតូចៗ នៅជិតកោះតូចមួយ ហើយផ្នែកមួយចំនួនទៀត នៃឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញរាយប៉ាយនៅលើដី និងទឹកសមុទ្រ។
ឧទ្ធម្ភាគចក្របានធ្លាក់ ខណៈវាធ្វើដំណើរទៅកាន់ អាកាសយាន្តដ្ឋាន ក្នុងទីក្រុង Bergen ជាមួយនឹងអ្នកធ្វើដំណើរ១១នាក់ និងសហសេវិក ២នាក់ជិះនៅលើនោះ បន្ទាប់ពីត្រឡប់មកពីតំបន់រុករកប្រេង Gullfaks ជាតំបន់រុករកប្រេងធំជាងគេ របស់ណ័រវេស ដែលប្រតិបត្តិការ ដោយក្រុមហ៊ុនរបស់រដ្ឋ ឈ្មោះ «Statoil»៕