(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតគណៈកម្មាធិការបក្ស ឃុំ សង្កាត់ និងផ្សព្វផ្សាយសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ ២០២១ និងទិសដៅភារកិច្ចឆ្នាំ ២០២២។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ កាលពីថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកគណបក្សខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ក្រុមការងារខេត្តចុះជួយក្រុង ស្រុក-ឃុំ សង្កាត់ ប្រធានគណបក្សស្រុក ក្រុងទាំងអស់ ប្រធានគណបក្សឃុំ មេឃុំ បេក្ខជន មេឃុំ មន្រ្តីមូលដ្ឋាន និង ស្មៀនឃុំសរុបចំនួនប្រមាណជាង ៣០០ នាក់ ។

បន្ទាប់ពីលោក វ៉ា ថន ប្រធានគណបក្សខេត្តបានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំពីលទ្ធផលនៃសន្និបាត ឃុំ សង្កាត់ ទូទាំងខេត្តក្រចេះឆ្ពោះទៅកាន់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២ និងលោក ធុន គ្រី អនុប្រធាន គណបក្សខេត្ត បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ទូទៅនិងការងារគណបក្ស ឆ្នាំ២០២១ ព្រមទាំងទិសដៅភារកិច្ចឆ្នាំ២០២២រួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិ កោតសរសើរលើកទឹកចិត្តដល់កំលាំងសរុបរបស់មន្រ្តីក្រុមការងារយើងគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងច្បាមមូលដ្ឋានដើម្បីបន្តជំរុញចលនាសកម្មភាពជាក់ស្តែងតាមផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតទូទាំង ប្រទេសនាពេលខាងមុខ ។

ជាមតិសរុបកិច្ចប្រជុំ លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងរំលឹកដោយធ្វើការសង្កត់ធ្ងន់ពីទិសដៅភារកិច្ចនយោបាយសំខាន់បំផុត ដែលយើងទាំងអស់គ្នាត្រូវពុះពារសំរេចឱ្យខាងតែបាននូវ ការប្តេជ្ញា ចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សយើង គឺ «រក្សាប្រៀបឈ្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣»។

ចំពោះមុខក្រុមការងារទាំងអស់ ត្រូវជំរុញផែនការសកម្មភាពជាក់ស្តែង ដោយប្រមូលផ្តុំលើការងារសំខាន់ជាអាទិភាព៣យ៉ាង៖

១៖ ត្រូវចុះជាប់មូលដ្ឋានផ្សារភ្ជាប់សុខទុក្ខ ជាប្រចាំជាមួយប្រជាពលរដ្ឋតាមគ្រប់មុខសញ្ញា (អ្នករស់នៅជា អចិន្ត្រៃយ៍ ចំណូល/ចំណាកស្រុក យុវជន ។ល។) ដើម្បីពង្រឹងភាពកក់ក្តៅ និងជំនឿជឿជាក់ជានិច្ចមកលើ របបដឹកនាំបច្ចុប្បន្នសម្រាប់ការធានាជីវិតរស់នៅប្រចាំថ្ងៃ និងអនាគតរបស់ពួកគាត់ សំដៅជំរុញចលនាសស្រាក់សស្រាំរបស់ប្រជាពលរដ្ឋទូទៅ ចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

២៖ ត្រូវប្រែក្លាយការពុះពារសំរេចភារកិច្ចនយោបាយ ក្នុងការប្រយុទ្ធទប់ស្កាត់ គ្រប់គ្រងកូវីដ-១៩ និងការដោះស្រាយរាល់បញ្ហាប្រឈមបង្កឡើង ដោយជំងឺដ៏កាចសាហាវនេះ ឱ្យទៅជាឱកាសបំរើប្រជាជន ធ្វើអំពើល្អសព្វបែបយ៉ាងនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។

៣៖ ត្រូវធានារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយផ្អែកលើគោលការណ៍គ្រិះនៃការដឹកនាំរបស់គណបក្ស គឺ «សមូហភាព ដឹកនាំបុគ្គល ទទួលខុសត្រូវ» និងអនុវត្តម៉ឺងម៉ាត់ជានិច្ចនូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

យើងជឿជាក់យ៉ាងមុតមាំថា ក្រោមមគ្គុទេសក៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា គណបក្សយើងប្រាកដជាដណ្តើមបានជ័យជំនះទាំងស្រុង ក្នុងការ បោះឆ្នោតសាកលនាឆ្នាំ២០២២ និង២០២៣ខាងមុខនេះ ដើម្បីសំរេចបេសកកម្មជាប្រវត្តិសាស្រ្តជូនមាតុភូមិ និងប្រជាជនបន្តទៅទៀតជារៀងរហូត៕