(តាកែវ)៖ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក នៅអាងទឹកទន្លាប់របស់ស្រុកគីរីវង់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានស្ដី បន្ទោសយ៉ាងចាស់ដៃចំពោះ លោកអភិបាលស្រុកគីរីវង់ កៅ វគ្គសែល ដែលបានធ្វេសប្រហែសនិងការងារ និងមិនបានអនុវត្តន៍ទៅតាមសារាចរណ៏ ណែនាំរបស់រាជរដ្ឋាភិបាលក្នុងទប់ស្កាត់ មិនឲ្យប្រជាពលរដ្ឋធ្វើស្រែ ក្នុងអាងទឹកនៅក្នុងឆ្នាំនេះ បន្ទាប់ពីការព្យាករណ៍ថាឆ្នាំនេះ និងមានការខ្វះខាតទឹកប្រើប្រាស់។
លោកអភិបាលខេត្តបានចាត់ទុកការធ្វើស្រែ ពេញផ្ទៃអាងទឹកទន្លាប់ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធស្រុកហើយ ដែលបណ្ដាលឲ្យទឹក នៅបឹងទន្លាប់ត្រូវរីងហួតទាំងស្រុងនៅពេលនេះ គឺជាការទទួលខុសត្រូវរបស់អភិបាលស្រុក ចំពោះថ្នាក់ដឹកនាំខេត្ត និងចំពោះប្រមុខរាជរដ្ឋាភិបាលផងដែរ។
លោក ឡាយ វណ្ណៈ បានសង្តត់ធ្ងន់ថា «ការងារដែលរាជរដ្ឋាភិបាល ដាក់អោយអនុវត្តន៍ និងការណែនាំរបស់ខេត្តគឺអភិបាលស្រុក បានធ្វើឲ្យបរាជ័យទាំងស្រុងតែម្ដងនៅពេលនេះ។ នេះមានន័យថារដ្ឋបាលស្រុក និងអភិបាលស្រុកមិនបានធ្វើអ្វីសោះតែម្ដង»។
បើតាមលោកអភិបាលខេត្តរាល់របាយការណ៍ ដែលស្រុកបានផ្ញើទៅខេត្តគឺល្អទាំងអស់ ក៏ប៉ុន្តែនៅពេលដែលលោក ចុះមកមើលផ្ទាល់ទើបឃើញថា ផ្ទៃអាងទាំងមូលត្រូវប្រជាពលរដ្ឋធ្វើស្រែពេញ ហើយទឹកក្នុងបឹងទន្លាប់ត្រូវរីងអស់ នៅពេលនេះ។ បញ្ហានេះអភិបាលស្រុកត្រូវទទួលខុសត្រូវ ហើយក៏គ្មានអ្នកជួយបិទបាំងបានទេ។ លោកនិងរាយការណ៏ថ្នាក់ដឹកនាំ ដើម្បីសម្រេចពីជោគវាសនា របស់លោកអភិបាលស្រុក៕