(សេអ៊ូល, កូរ៉េខាងត្បូង)៖ ដោយយោងលើពិសោធន៍ក្នុងការរកដំណោះស្រាយ និងបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើម «រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» ធ្វើជាទស្សនៈទានរួម ដើម្បីឆ្ពោះទៅរកដំណោះស្រាយ និងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
មហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្ហាញនូវកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយ ដើម្បីបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ ដែលមានរយៈពេលប្រមាណ ៧០ឆ្នាំមកហើយនោះ។ មេដឹកនាំ និងអតីតមេដឹកនាំប្រទេសមកពីជុំវិញពិភពលោកជាច្រើនរូប ត្រូវបានអញ្ជើញផ្តល់នូវទស្សនៈទាន ដើម្បីជាវិភាគទានក្នុងការស្វែងរក ដំណោះស្រាយឈានទៅបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន ម្ចាស់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ គឺជាវាគ្មិនដ៏សំខាន់មួយរូប ដែលមហាសន្និបាត បានអញ្ជើញឱ្យចែករំលែកនូវទស្សនទានសម្រាប់ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ។
ក្នុងមហាសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបែកបាក់ឧបទ្វីបកូរ៉េ គឺជាកេរដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។ ជាអកុសល មហាអំណាច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ក្នុងការប្រកួតប្រជែង និងការព្យាករអំណាចរបស់ពួកគេ។
សម្តេចតេជោ បានទាញចំណាប់អារម្មណ៍មហាសន្និបាតថា សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់មានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់តែច្រើន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ។ ទន្ទឹមនេះ ខ្សែជីវិតសេដ្ឋកិច្ច-សង្គមរបស់យើង ត្រូវបានចងភ្ជាប់ទៅនឹងការរួមរស់នៅជាមួយគ្នា តាមរយៈសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន និងបើកចំហ ដែលទទួលយកកូរ៉េទាំងពីរ។ បើនិយាយតាមបែបភូមិសាស្ត្រនយោបាយ ឧបទ្វីបកូរ៉េ គឺជាច្រកទ្វារដ៏សំខាន់មួយទៅកាន់អាស៊ី មិនត្រឹមតែទាក់ទងនឹងអរិយធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងឱកាសសេដ្ឋកិច្ចផងដែរ»។
ក្នុងនាមជាស្ថាបនិកសន្តិភាព ជាមេដឹកនាំដែលបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតលើកឡើងពីប្រវត្តិនៃការបែកបាក់ និងការឈឺចាប់របស់កម្ពុជា ព្រោះតែសង្គ្រាមផងដែរ។ សម្តេចតេជោ បានថ្លែងទៅកាន់មហាសន្និបាតថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរយៈពេលជិត ៣ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស។
«យើងក៏ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងនយោបាយមហាអំណាចផងដែរ។ ការរៀនសូត្រពីបទពិសោធន៍កន្លងមក យើងអាចត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងស្វែងរកសន្តិភាពជូនប្រជាជនយើង។ ការផ្សះផ្សាជាតិត្រូវតែកើតចេញពីខាងក្នុង ជាមួយភាពជាម្ចាស់លើប្រទេសជាតិ ជាកត្តាកំណត់ និងចាំបាច់។ យើងបានដឹងថា គ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងនោះទេ»។ នេះជាការចែករំលែករបស់សម្តេចតេជោ។
ដោយផ្អែកលើបទពិសោធ និងមេរៀន ដែលបានដោយលំបាកក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើនូវគំនិតផ្ដួចផ្តើម «រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» សម្រាប់ជាទស្សនៈទានមួយឆ្ពោះទៅការបញ្ចប់សង្គ្រាម ឬភាពតាន់តឹងនៅឧបទ្វីបកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងត្រូវតែទទួលស្គាល់ថា ឧបទ្វីកូរ៉េមានរដ្ឋពីរ ព្រោះប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង។ ការរួមបញ្ចូលប្រព័ន្ធនយោបាយទាំងពីរនាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួចទេ។ ដូច្នេះត្រូវទទួលយកការពិត ដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា។ ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរួមរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបបនយោបាយទាំងពីរ។
ប៉ុន្តែត្រូវទទួលស្គាល់ឧបទ្វីបកូរ៉េ គឺជាជាតិតែមួយ ព្រោះកូរ៉េត្រូវបានបែងចែកដោយទឹកដី តែមិនមែនប្រជាជន។ កូរ៉េមានឈាមជ័រខ្សែស្រឡាយតែមួយ។ សុភាសិតខ្មែរមួយបានពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន»។ ប្រជាជន គឺប្រៀបបានដូចជាទឹកដែលមិនអាចកាត់ផ្តាច់បាន។ ទន្ទឹមនេះដែរ វប្បធម៌ គឺជាប្រភពដ៏សំខាន់សម្រាប់សន្តិភាព និងការបង្រួបបង្រួមជាតិ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួម គឺផ្អែកលើប្រវត្តិសាស្ត្រនៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍទៅជាប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយ ដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និងឯកភាពជាតិដ៏ជ្រាលជ្រៅ។
ជាមួយអំណះអំណាងខាងលើនេះ សម្តេចតេជោ បានបង្ហាញការជឿថា គំនិតផ្ដួចផ្តើម «រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» គឺអាចសម្រេចបាន ព្រោះជាគំនិតផ្ដួចផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «គំនិតផ្ដួចផ្តើមនេះ ជាផ្លែផ្កាដែលនៅទាប ដែលយើងអាចឈោងបេះបានយ៉ាងងាយ។ គំនិតផ្ដួចផ្តើមនេះ ត្រូវបានបំផុសគំនិតដោយបេសកកម្មរបស់សហព័ន្ធសន្តិភាពសកល ក្នុងការលើកកម្ពស់គុណតម្លៃរួម, វិបុលភាពទៅវិញទៅមក និងការពឹងពាក់គ្នាទៅវិញទៅមក ព្រមទាំងគោលការណ៍រួមនៃការជំរុញការគោរពគ្នាទៅវិញទៅមក, ការយោគយល់គ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (M4P2)»។
ដើម្បីឱ្យគំនិតផ្តួចផ្តើមខាងលើនេះ អាចសម្រេចចេញជាផ្លែផ្កា សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើមហាសន្និបាត អនុវត្តន៍ជំហានជាក់ស្តែងចំនួន៣រួមមាន៖
ទី១៖ គួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និងបើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ។ តំបន់គ្មានយោធា DMZ អាចផ្ដល់ជូននូវវេទិកាសម្រាប់ការសម្តែងវប្បធម៌រួមគ្នា, ការតាំងពិព័រណ៍សិល្បៈ និងការផ្លាស់ប្ដូរវប្បធម៌ផ្សេងទៀត។
ទី២៖ កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម។ បុព្វកថានៃរដ្ឋធម្មនុញ្ញនៃអង្គការយូណេស្កូបានបំផុសគំនិតយើង ហើយខ្ញុំសូមដកស្រង់ដូចតទៅ «ដោយសារសង្គ្រាមផ្តើមចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតីការពារសន្តិភាព»។
ទី៣៖ កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េ, ភ្ជាប់អរិយធម៌កូរ៉េ ជាមួយអរិយធម៌ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍។ ជាឧទាហរណ៍, ការទូតអាហារអាចត្រូវបានលើកកម្ពស់រួមគ្នាដោយកូរ៉េទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្តល់នូវធាតុផ្សំក្នុងគំនិតផ្ដួចផ្តើម «រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» ដើម្បីជាឯកសារទស្សនទាន នៅក្នុងសកម្មភាពជាក់ស្តែង អាចសម្រេចបាន និងជាក់លាក់។ សម្តេចតេជោ បានសង្កត់ថា ជំនឿទុកចិត្តអាចកសាងបានដោយផ្អែកលើសកម្មភាព មិនមែនការសន្យាខ្យល់នោះទេ៕)