(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន អមដំណើរដោយ សមាជិក សមាជិការសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពទឹក និងការប្រើប្រាស់អណ្តូងទឹក ដែលជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូន ប្រជាពលរដ្ឋប្រើប្រាស់កន្លែងមក ក្នុងឃុំសាលាក្រៅ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីដឹងថា តើធានាបានការប្រើប្រាស់ទឹកបានយូរដែរឬទេ?។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទឹក និងការប្រើប្រាស់អណ្តូងនាពេលនោះ លោក អ៉ី ឈាន បានថ្លែងថា ដោយរដូវប្រាំងឆ្នាំនេះ មានការអូសបន្លាយរយៈពេលយូរ ធ្វើឲ្យភូមិមួយចំនួន ក្នុងខេត្តជាភូមិដាច់ស្រយ៉ាល អាចជួបតិចតួចនូវកង្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ គឺដោយសាខាកាកបាទក្រហមកម្ពុជាខេត្តកន្លងមក បានជីកនិងផ្តល់ស្រះទឹក និងអណ្តូងអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនយើងបានប្រើប្រាស់ និងដោះស្រាយបាននូវការខ្វះខាតទឹក និងសម្រួលដល់ជីវភាព រស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកបន្តថា សម្រាប់ការចុះពិនិត្យមើលអណ្តូងនាពេលនេះ គឺចង់ដឹងថា អណ្តូងមានទឹកគ្រប់គ្រាន់ សម្រាប់បងប្អូនប្រើប្រាស់ដែរឬ នៅដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរខ្ពស់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូន ព្រមទាំងបានផ្តល់ជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ បានទាន់ពេលវេលា ជាពិសេសបានផ្តល់នូវ ស្រះទឹក និងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិនជាបន្តបន្ទាប់។
លោកបន្ថែមទៀតថា ក្នុងនាមប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ក៏ដូចជាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត គឺបានបំពេញសកម្មភាពមនុស្សធម៌ អនុវត្តតាមគោលការគ្រឹះទាំង៧ ដោយចុះជួយប្រជាពលរដ្ឋ ដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដូចជាទឹកជំនន់ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រារ អ្នកផ្ទុកមេរោគ និងអ្នកកើតរោគអេដស៍ជាដើម ដោយមិនប្រកាន់និន្នាការសាសនា ពណ៌សម្បុរ នយោបាយអ្វីឡើយ។
លោក អ៉ី ឈាន ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការរស់នៅ និងការប្រើប្រាស់អណ្តូងត្រូវចេះថែទាំ ឲ្យបានល្អសម្រាប់ជាប្រយោជន៍ប្រើប្រាស់បានយូរ។
ក្នុងឱកាសនោះ លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ និងក្រុមការងារបានឧបត្ថម្ភសម្លៀកបំពាក់ ជូនដល់សិស្សសាលា និងកុមារតូចៗ ព្រមទាំងផ្តល់ទឹកសុទ្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ទុកទទួលទានផងដែរ៕