(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ Fresh News នៅព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ថា ក្រុមអ្នកនាំចេញអង្ករ ក៏ទទួលបានការបញ្ចុះតម្លៃផងដែរ សម្រាប់ការដឹកជញ្ជូនរបស់ខ្លួន ពោលសម្រាប់ការដឹកទំនិញតាមកុងតឺន័រ ២០ហ្វីត ទទួលបានការបញ្ចុះតម្លៃ ៥ដុល្លារ ហើយការបញ្ចុះតម្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះតទៅ។
ការចេញមកបញ្ជាក់ថា របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងឆ្លើយតបភ្លាមៗ ទៅនឹងក្រុមអ្នកនាំចេញអង្ករ ដែលបានលើកឡើងថា ការបញ្ចុះតម្លៃ ១០ដុល្លារ សម្រាប់កុងតឺន័រ ៤០ហ្វីត មិនបានជួយសម្រាលតម្លៃដឹកជញ្ជូនរបស់ខ្លួន ដែលប្រើកុងតឺន័រ ២០ហ្វីត ហើយបានសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជួយបញ្ចុះតម្លៃសម្រាប់ការដឹកជញ្ជូននេះ។
ថ្លែងប្រាប់ Fresh News លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបញ្ចុះតម្លៃនេះ គឺធ្វើឡើងទាំងការដឹកជញ្ជូនកុងតឺន័រ ៤០ហ្វីត និងកុងតឺន័រ ២០ហ្វីត ដែលក្នុងនោះ កុងតឺន័រ ៤០ហ្វីត បញ្ចុះតម្លៃ ១០ដុល្លារ ហើយ ២០ហ្វីត បញ្ចុះតម្លៃ ៥ដុល្លារ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបន្តថា ការបញ្ចុះតម្លៃនេះ គឺជាដំណាក់កាលដំបូង ហើយលោក នឹងខិតខំរិះរក ហើយជំរុញឲ្យមានការបញ្ចុះតម្លៃថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និង នាំចេញរបស់កម្ពុជា។
សូមបញ្ជាក់ថា ការបញ្ចុះតម្លៃបានកើតមានឡើង បន្ទាប់ពីលោក ស៊ុន ចាន់ថុល បានកោះហៅតំណាងវិស័យឧស្សាហកម្មដឹកជញ្ជូនកម្ពុជា មកជួបពិភាក្សាគ្នា កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅនេះ។ ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ រួមមាន៖ សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជា (CAMTA) សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) សមាគមរថយន្តក្រុងកម្ពុជា (CAMBA)៕