(ភ្នំពេញ)៖ វគ្គសិក្សាថ្មី អំពីរបៀបសរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានឈានចូលសប្តាហ៍ទី២ហើយ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
នៅសប្តាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News បានបង្ហាញអំពីរបៀបសរសេរតម្រុយ (Lead) នៃអត្ថបទដំណឹង (Spot News) បន្តពីមេរៀនក្នុងសប្តាហ៍ទី១។ លោកគ្រូបានណែនាំដល់សិក្ខាកាមអំពីរូបមន្ត 5W's and How បន្ទាប់ពីមកគឺបង្រៀនឱ្យសិស្សស្គាល់អំពីអ្វីដែលជាតម្លៃនៃព័ត៌មាន (News Value)។
អត្ថបទដំណឹង (Spot News) ជាប្រភេទព័ត៌មានដែលត្រូវបានប្រើប្រាស់ច្រើនជាងគេនៅក្នុងការផ្សព្វផ្សាយរបស់សារព័ត៌មាន។ អត្ថបទដំណឹង គឺជាការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ណាមួយដែលកើតឡើងទៅកាន់សាធារណជន ប៉ុន្តែគ្រប់ព្រឹត្តិការណ៍ទាំងអស់ មិនមែនសុទ្ធតែមានតម្លៃជាព័ត៌មាននោះទេ។ នេះបើតាមការបញ្ជាក់របស់ លោកគ្រូ ម៉ារ យ៉ារិទ្ធ។
យ៉ាងណាក៏ដោយក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវចេះបែងចែង និងជ្រើសរើសព្រឹត្តិការណ៍ ដើម្បីយកមកសរសេរជាអត្ថបទព័ត៌មាន ហើយដើម្បីឲ្យការជ្រើសព្រឹត្តិការណ៍មួយបានត្រឹមត្រូវ គឺអាស្រ័យលើចំណុចមួយចំនួនដូចជា៖ Timeliness ភាពទាន់ពេលវេលា, Unusualness ភាពខុសប្រក្រតី, Importance សំខាន់, Impact ភាពប៉ះទង្គិច, Consequence ផលលំបាក រឿងខ្លះកើតឡើងនៅពេលនេះដែល វាអាចបង្ករផលប៉ះពាល់នៅពេលក្រោយ, Prominence/celebrity ភាពឆ្នើម ឬល្បីល្បាញ, Proximity ភាពក្បែរ (ភូមិសាស្រ្ត,ទីតាំង, ដំបន់, ចិត្តសាស្រ្ត), Conflict ទំនាស់ និង Prevalence or Currency បច្ចុប្បន្នភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេស ជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។
ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលខកខានមិនបានចូលរៀនវគ្គនេះ ក៏នៅមានឱកាសក្រោយទៀត ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) កំពុងពិចារណាក្នុងការរៀបចំវគ្គសិក្សាខ្លីថ្មីៗទៀត ពាក់ព័ន្ធនឹងជំនាញក្នុងវិស័យព័ត៌មាន ក្នុងឆាប់ៗនេះ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334