(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការអនុគណៈកម្មការរៀបចំខួបទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ ខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហម ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងការត្រួតពិនិត្យការងារ ត្រៀមរៀបចំខួបទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម របស់អនុគណៈកម្មការនីមួយៗ ដែលបានអនុវត្ដ ចាប់ពីកិច្ចប្រជុំលើកទី១ រហូតដល់ទី២៩ ខែមេសានេះ ដែលជាលើកទី៤ និងដើម្បីដាក់ទិសដៅអនុវត្ដបន្ដ នៃគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ និងបញ្ហាផ្សេងៗទៀត។
គួរបញ្ជាក់ថា ដើម្បីជំរុញឱ្យដំណើរការ នៃរៀបចំទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហមខួប លើកទី១៥៣ ក្រោមប្រធានបទ៖ «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សំរាប់គ្រប់ៗគ្នា» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៨ ខែឧសភាខាងមុខនេះ ទទួលបានជោគជ័យ កាកបាទក្រហមកម្ពុជា បានបង្កើតគណៈកម្មការរៀបចំ ខួបលើកទី១៥៣នេះឡើង ដែលមានសម្តេចចៅហ្វាវាំង គង់ សំអុល ជាប្រធាននិងមានអនុគណៈកម្មការចំនួន៤ទៀត ស្ថិតក្រោមការគ្រប់គ្រង របស់គណៈកម្មការខាងលើ ក្នុងនោះមានអនុគណកម្មការខ្លឹមសារ ឯកសារពិពណ៌ និងផ្សព្វផ្សាយ អនុគណៈកម្មការ រដ្ឋបាលហិរញ្ញកិច្ចនិងផ្គត់ផ្គង់ អនុគណកម្មការ ពិធីការបដិសណ្ឋារកិច្ច និងតុបតែង និងអនុគណកម្មការ សន្តិសុខសណ្ដាប់ធ្នាប់ និងសង្គ្រោះបឋម ហើយអនុគណកម្មការទាំង៤នេះ ទទួលខុសត្រូវតាមមុខនាទី និងភារកិច្ចរៀងៗខ្លួន៕