(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា គ្រូគឺជាគ្រួសារគំរូ និងជាថ្នាលបណ្តុះបណ្តាលនូវធនធាន មនុស្ស ប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ទៅរកការងារអភិវឌ្ឍន៍ សង្គមជាតិលើគ្រប់វិស័យ។
ការលើកឡើងបែបនេះ ក្នុងឱកាសលោកបានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូ ទូទាំងស្រុកបាកាន ប្រមាណ៩០០នាក់នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន រំលេច ស្ថិតនៅក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាពមណ្ឌលពោធិ៍សាត់, លោក ឈុន សុង សមាជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
លោក ចាន់ សៀង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបាកាន បានជម្រាបជូនអំពីស្ថានភាព វិស័យអប់រំ ឆ្នាំសិក្សា ២០១៥-២០១៦ ទូទាំងស្រុក ផ្នែកចំណេះទូទៅ គឺមានវិទ្យាល័យ៥សាលា សិស្សមាន១៨៩៨នាក់ គ្រូ២៤១នាក់ អនុវិទ្យាល័យមាន១០សាលា សិស្សមាន ៤៥៤៤នាក់ គ្រូមាន១៦២នាក់ បឋមសិក្សាមាន៨៤សាលា សិស្សមាន ២០៩៦២នាក់ គ្រូមាន ៤៤៩នាក់ និងថ្នាក់មត្តេយ្យសិក្សា មាន៤៨សាលា សិស្សមាន៥២៥នាក់ គ្រូមាន៩នាក់។
លោក ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកបាកាន ដែលបានខិតខំប្រឹងប្រែងនិងផ្ទេរ ចំណេះដឹង បង្រៀនដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យកុមារពេញវ័យ សិក្សាទទួលបានសេវាអប់រំ យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ។ ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ភ និងជាថ្នាល បណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការ រីកចម្រើន។
លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្វើឲ្យ សង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្របានជាបណ្តើៗ ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាមេគ្រួសារ លោកសូមឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ លោកបន្ថែមថា បើបានធ្វើជាមេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះ ក៏មានទឹកបបរ និងទឹកស្ករដែរសុខចិត្តឲ្យស្តួចកុំឲ្យដាច់ ។
លោកបានបន្ថែមទៀតថា កុំយកតួនាទីខ្លួន ទៅធ្វើអាជីវកម្ម កុំមានបក្ខពួកគ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់ មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមកិត្តិក្នុងការទទួលខុសត្រូវ ដូចអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាឲ្យបាន ឲ្យលឿន និង មានតម្លាភាព ពិសេសផ្តោតទៅលើសេវាវិស័យអប់រំ គ្រប់កំរិតទូទាំងស្រុក ក៏ដូចជាទូទាំងខេត្ត។ ក្នុងឱកាសជួយសំណេះសំណាលនោះ លោក បានជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកសរុបប្រមាន ៩០០នាក់ក្នុងម្នាក់ៗ ទទួលបាន សារុង១ ចំពោះស្ត្រីមានផ្ទៃពោះទទួលបាន សារុងម្នាក់ ៤ ហើយនេះគឺជាទំលាប់របស់លោក និង លោកស្រី ហ៊ុន ចាន់ធី តែងតែគិតគូទៅដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គ្រប់ទីកន្លែងទាំងអស់៕