(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឧបាសិកា ឈឹម ឆោម ដែលត្រូវជាម្តាយក្មេករបស់នាយឧត្តមសេនីយ៍។

ក្នុងលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើ
លិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយើងខ្ញុំ ចំពោះមរណភាព ឧបាសិកា ឈឹម ឆោម ត្រូវជាម្តាយ ម្តាយក្មេក ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់របស់យើងខ្ញុំ។

ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

តាងនាមក្រុមគ្រួសារយើងខ្ញុំទាំងអស់ ខ្ញុំសូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕