(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាសបានចេញបទបញ្ជា ឱ្យក្រុមគ្រូពេទ្យ និងក្រុមជំនួយការសុខាភិបាលកងទ័ពជើងអាកាសចំនួន ៣១នាក់ ចេញដំណើរទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ នាយឧត្តមសេនីយ៍ សឹង សំណាង រួមជាមួយឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង, ឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរង បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំត្រងិល ឃុំពោធិ៍ ឃុំស្វាយរំពារ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា ផ្អែកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ឱ្យបានលឿនរហ័សនោះ រូបលោក ក៏បានចាត់ក្រុមគ្រូពេទ្យកងទ័ពជើងអាកាសឱ្យចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកកំពង់លែង ដែលជាតំបន់ដាច់ស្រយាលមួយ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានឱ្យដឹងថា ក្រុមគ្រូពេទ្យកងទ័ពកំពុងយកចិត្តទុកដាក់ខ្ពស់ និងបំពេញការងារយ៉ាងសស្រាក់ស្រាំ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ១៩។ បើតាមលោក សឹង សំណាង ចាប់តាំងពីថ្ងៃទី៩ រហូតមកដល់ថ្ងៃទី ១០ ខែកុម្ភៈ មានប្រជាពលរដ្ឋចំនួន ២,៩១៦នាក់ហើយ ដែលបានមកចាក់វ៉ាក់សាំងដូសជម្រុញទី៣។ ក្នុងនោះក្រុមគ្រូពេទ្យកងទ័ពជើងអាកាសបានប្រើវ៉ាក់សាំងប្រភេទ AstraZeneca និង Sinovac ចាក់ជូនពួកគេ។

តាមការសង្កេតមើលឃើញមានប្រជាពលរដ្ឋមានការចូលរួមយ៉ាងផុលផុស ជាពិសេសចំពោះមនុស្សចាស់ដែលមានវ័យ ៧០ឆ្នាំឡើងបាននាំគ្នាមកទទួលការចាក់វ៉ាក់សាំងដោយក្តីរីករាយក្រៃលែង។ នាយឧត្តមសេនីយ៍ សឹង សំណាង បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ធ្វើយ៉ាងណាត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងឲ្យមានខ្យល់អាកាសល្អ និងត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចតេជោ «៣ការពារ និង ៣កុំ» ជានិច្ច។

នាយឧត្តមសេនីយ៍ សឹង សំណាង បានសំណោះសំណាលជាមួយអាជ្ញាធរដែនដីភូមិឃុំ ឲ្យខិតខំអំពាវនាវប្រជាពលរដ្ឋរួសរាន់មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ទល់ការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលនៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍របស់យើង ហើយត្រូវអនុវត្តវិធានការ «៣ ការពារ និង ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានគ្រប់ពេលវេលា។

នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តល់ថវិកាជូនដល់គ្រូពេទ្យចាក់វ៉ាក់សាំង ដែលកំពុងបំពេញការងារនៅទីនោះ។ បន្ទាប់មកនាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងអាកាស និងក្រុមការងារកងទ័ពជើងអាកាស ក៏បានអញ្ជើញទៅពិនិត្យមើលដំណើរការសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិសាស្ត្រនោះ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពឲ្យបានប្រសើរឡើង៕