(សេអ៊ូល, កូរ៉េខាងត្បូង)៖ លោក Park Byeong-Seung ប្រធានសភាកូរ៉េខាងត្បូង បានសន្យាថា នឹងពន្លឿននីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ឱ្យបានលឿនបំផុត ដើម្បីជាប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េ។

កម្ពុជា និងកូរ៉េខាងត្បូង កាលពីឆ្នាំ២០២១ កន្លងទៅនេះ បានសម្រេចចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា។ បច្ចុប្បន្នភាគីកម្ពុជា បានរៀបចំរួចរាល់ហើយនូវសេចក្តីព្រាងច្បាប់នៃការធ្វើពាណិជ្ជកម្មសេរីនេះ ដោយភាគីកូរ៉េខាងត្បូង កិច្ចព្រមព្រៀងនេះ កំពុងស្ថិតនៅលើដៃសភាជាតិនៅឡើយ។ គេត្រូវរង់ចាំការអនុម័តឱ្យប្រើប្រាស់នូវច្បាប់នេះសិន ទើបការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង អាចដំណើរការទៅបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានស្នើទៅកាន់លោក មូន ជេ អ៉ីន ប្រធានាធាធិបតីកូរ៉េខាងត្បូង និងលោក Park Byeong-Seung ប្រធានសភាកូរ៉េខាងត្បូង ឱ្យពន្លឿននូវនីតិវិធីទាំងឡាយ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះបានចូលជាធរមាន ហើយបើកផ្លូវដល់ការធ្វើពាណិជ្ជកម្មសេរីជាមួយកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក Park Byeong-Seung, សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ អាចចូលជាធរមាននៅក្នុងឆ្នាំ២០២២ ដើម្បីជាការអបអរសាទរខួប២៥ឆ្នាំ នៅការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។ បន្ថែមពីលើនោះ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរីនេះ នឹងធ្វើឱ្យបានកាន់តែប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Park Byeong-Seung បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានយកការងារនេះមកធ្វើដោយផ្ទាល់ដៃ ហើយនឹងប្រឹងប្រែងជំរុញយ៉ាងណា ឱ្យការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងឱ្យចប់សព្វគ្រប់យ៉ាងយូរបំផុត ត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ។

លោក Park Byeong-Seung បានមើលឃើញថា កិច្ចព្រមព្រាងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូង នឹងជាចលករមួយបន្ថែមទៀតក្នុងការរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ បន្ថែមពីលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP។

ប្រធានសភាជាតិរបស់កូរ៉េខាងត្បូង ក៏បានកោតសរសើរចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលនឹងរួមចំណែកទាក់ទងការវិនិយោគពីកូរ៉េខាងត្បូង ហើយរូបលោកផ្ទាល់ក៏នឹងជួយជំរុញអ្នកវិនិយោគមកកាន់កម្ពុជាផងដែរ៕