(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បង្កើនកូតា ក្នុងការទទួលយកពលករខ្មែរទៅធ្វើការនៅក្នុងប្រទេសនេះ ឱ្យបានច្រើនឡើងថែមទៀត។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា សំណើរបស់ សម្តេចតេជោបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារជាមួយ លោក មូន ជេអ៉ីន អំឡុងបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។
លោកបណ្ឌិត បានអះអាងថា បន្ថែមលើការស្នើឱ្យកូរ៉េខាងត្បូង បង្កើនកូតាសម្រាប់ការទទួលយកពលករខ្មែរនេះ សម្តេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលករខ្មែរនៅក្នុងប្រទេសនេះផងដែរ។
កូរ៉េជាប្រទេសដែលមានពលករខ្មែរធ្វើការច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសថៃ។ របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ ៤៥,០០០នាក់ ខណៈដែលឆ្នាំ២០២១ កន្លងទៅនេះ គ្រាដែលពិភពលោករងការរាតត្បាតជំងឺកូវីដ១៩ ប្រទេសកូរ៉េខាងត្បូង បានទទួលពលករកម្ពុជាចំនួន ២៥០០នាក់។
គិតត្រឹមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ បានចំនួនជាង ១ ៣០១ ៦០៩ នាក់ (ស្រី ៥២៨ ៧៩៩ នាក់) ក្នុងនោះ ប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ ប្រទេសកូរ៉េមានចំនួន ៤ ៥៨៦០ នាក់ ប្រទេសម៉ាឡេស៊ីមានចំនួន ២៣ ០២៧ នាក់ ប្រទេសជប៉ុនមានចំនួន ១១ ៤៥៣ នាក់ ប្រទេសសិង្ហបុរីមានចំនួន ៨២១ នាក់ ហុងកុងមានចំនួន ២០២ នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣ នាក់៕